Friday, July 31, 2020

ការដោះលែងដោយមានលក្ខខណ្ឌ

ការដោះលែងដោយមានលក្ខខណ្ឌ

 ការដោះលែងដោយមានលក្ខខណ្ឌ ត្រូវបានក្រមនីតិវិធីព្រហ្មទណ្ឌបញ្ញត្តចាប់ពីមាត្រា ៥១០ រហូតដល់ មាត្រា៥២២។ ជាក់ស្តែង ការដោះលែងដោយមានលក្ខខណ្ឌគឺជានីតិវិធីមួយ ដែលអនុញ្ញាតឱ្យមានការដោះ លែងទណ្ឌិតចាកចេញពីពន្ធនាគារនៅមុនពេល ដែលទណ្ឌិតបានទទួលរងនូវការអនុវត្តទោសដាក់ក្នុងពន្ធនាគារ ចប់សព្វគ្រប់ យោងតាមសេចក្តីសម្រេចរបស់តុលាការ។

១.លក្ខខណ្ឌនៃការដោះលែង

គោលការណ៍ ការដោះលែងដោយមានលក្ខខណ្ឌអាចត្រូវផ្តល់ឱ្យបានលុះត្រាតែបាន បំពេញនូវលក្ខខណ្ឌ ចាំបាច់មួយចំនួនដូចតទៅ[1]

  •  ទណ្ឌិតទទួលរងទោសជាប់ពន្ធនាគារចំនួនពាក់កណ្តាលនៃទោស ប្រសិនបើទោសនោះតិចជាង ជាង ឬ ស្មើមួយឆ្នាំ។

  •  ទណ្ឌិតទទួលរងទោសជាប់ពន្ធនាគារចំនួនពីរភាគបីនៃទោស ក្នុងករណីផ្សេងទៀត។

  •  ទណ្ឌិតទទួលរងទោសជាប់ពន្ធនាគារចំនួន២០ឆ្នាំ ក្នុងករណីដែលជាប់ពន្ធនាគារអស់មួយជីវិត។

  • ទណ្ឌិតបានបង្ហាញឱ្យឃើញថាខ្លួនមានគំនិតមារយាទល្អក្នុងរយៈពេលជាប់ឃុំ និងមានសម្បទាដែល អាចបញ្ចូលខ្លួននៅក្នុងសង្គមវិញបាន[2]។

២. អាជ្ញាធរមានសមត្ថកិច្ចចំពោះការដោះលែងដោយមានលក្ខខណ្ឌ

ការដោះលែងដោយមានលក្ខខណ្ឌ ត្រូវសម្រេចដោយប្រធានតុលាការជាន់ដំបូងនៃទីកន្លែងឃុំខ្លួនទណ្ឌិត។ ប្រធានតុលាការសម្រេចបន្ទាប់ពីទទួលយោបល់ពីគណៈកម្មការជាតិ។

គណៈកម្មការជាតិមានសមាសភាពដូចតទៅ ៖

  • សមាជិក ២ រូបចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមួយរូបជាប្រធាន គណៈកម្មការ។

  •   ប្រធានពន្ធនាគារ ឬ តំណាង។

​ ៣. នីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ

ជាដំបូង ដើម្បីឱ្យនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌអាចចាប់ផ្តើមដំណើរការទៅបានទណ្ឌិត ដែល កំពុងតែទទួលរងការអនុវត្តទោសនៅក្នុងពន្ធនាគារ ត្រូវតែដាក់ពាក្យសុំឱ្យដោះលែងដោយមានលក្ខខណ្ឌបាន សេចក្តីថានីតិវិធីនេះពុំអាចចាប់ផ្តើមឡើងដោយផ្អែកតាមការសម្រេចជាឆន្ទានុសិទ្ធិរបស់តុលាការនោះទេ។

បន្ទាប់មក ប្រធានតុលាការជាន់ដំបូងនៃទីកន្លែងឃុំខ្លួនជាអ្នកមាសិទ្ធិសម្រេចលើពាក្យសុំរបស់ទណ្ឌិត។ ក៏ប៉ុន្តែមុននឹងធ្វើការសម្រេចសេចក្តី ប្រធានតុលាការជាន់ដំបូងត្រូវតែសុំពិគ្រោះយោបល់ជាមួយគណៈកម្មការ ជាតិ។

គណៈកម្មការជាតិត្រូវតែផ្តល់យោបល់ក្នុងរយៈពេលយ៉ាងខ្លីបំផុត។ ក៏ប៉ុន្តែ ការផ្តល់ជាយោបល់ទាំងនេះពុំ អាចមានអានុភាពចាប់បង្ខំឱ្យប្រធានតុលាការត្រូវតែអនុវត្តតាមនោះឡើយ បានន័យថាប្រធានតុលាការអាច សម្រេចសេចក្តីផ្ទុយនឹងយោបល់របស់គណៈកម្មការជាតិបាន។

ប្រធានតុលាការត្រូវចេញដីកាដោយមានសំអាងហេតុច្បាស់លាស់ ហើយដីកាសម្រេចឱ្យដោះលែងដោយមានលក្ខខណ្ឌត្រូវតែកំណត់អំពីបែបបទផ្សេងៗនៃការអនុវត្ត និងលក្ខខណ្ឌចាំបាច់ក្នុងការដោះលែងទណ្ឌិតព្រម ទាំងត្រូវកំណត់ពីរយៈពេលសាកល្បងដែលមិនអាចលើសពីថិរវេលានៃទោស ដែលនៅសេសសល់មិនទាន់បាន ទទួលរងនៅឡើយ។

ប្រសិនបើប្រធានតុលាការបានចេញដីកាសម្រេចដោះលែងដោយមានលក្ខខណ្ឌ និងដោយពុំមានការប្តឹង តវ៉ាពីព្រះរាជអាជ្ញា ឬ ក៏ពុំមានការប្តឹងតវ៉ាពីអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ក្នុងរយៈពេល ៥ថ្ងៃ ទណ្ឌិតនឹងត្រូវ ទទួលបានការដោះលែងឱ្យមានសេរីភាពឡើងវិញ។

ជាគោលការណ៍ គឺមានតែអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញាទេ ដែលអាចប្តឹងតវ៉ាពី សេចក្តីសម្រេចរបស់ប្រធានតុលាការទៅប្រធានសាលាឧទ្ធរណ៍បាន[3]។ ការតវ៉ាត្រូវធ្វើក្នុងរយៈពេល ៥ ថ្ងៃ។ ដូច្នេះ ក្នុងរយៈពេល ៥ ថ្ងៃនេះទណ្ឌិតត្រូវតែរក្សាទុកនៅក្នុងពន្ធនាគារដែល។ ការប្តឹងតវ៉ានឹងនាំឱ្យដីកាសម្រេច ឱ្យដោះលែងដោយមានលក្ខខណ្ឌពុំមានអានុភាពអាចអនុវត្តបានទេ។ បន្ទាប់មក ប្រធានសាលាឧទ្ធរណ៍ត្រូវ សម្រេចតាមដីកាដោយមានសំអាងហេតុ និងមិនអាចតវ៉ាទៀតបានឡើយ។

៤. ការអនុវត្តសេចក្តីសម្រេច

   សេចក្តីសម្រេចអនុញ្ញាតឱ្យដោះលែងដោយមានលក្ខខណ្ឌត្រូវតែកំណត់អំពីបែបបទផ្សេងៗនៃការអនុវត្តនិង លក្ខខណ្ឌនៃការដោះលែងទណ្ឌិត។ នៅក្នុងសេចក្តីសម្រេចនេះ តុលាការនឹងកំណត់រយៈពេលសាកល្បង ដែល មិនអាចលើសពីថិរវេលានៃទោសដែលនៅសេសសល់មិនទាន់ បានទទួលរងក្នុងការអនុវត្តទោសនៅឡើយ[4]។

ជាមួយគ្នានេះ បើក្នុងករណីដែលមានការសម្រេចផ្តន្ទាទោសសាជាថ្មី ឬ ក៏ក្នុងករណីដែលទណ្ឌិតមិនព្រម គោរពតាមលក្ខខណ្ឌនានា ដែលបានកំណត់ដោយដីកាទេប្រធានតុលាការជាន់ដំបូងអាចដកហូតសេចក្តីសម្រេច របស់ខ្លួនមកវិញបាន។ លើសពីនេះទៀតក្នុងករណីជាបន្ទាន់ ព្រះរាជអាជ្ញានៃតុលាការសាមីអាចបង្គាប់ឱ្យចាប់ ខ្លួនទណ្ឌិតដែលបានដោះលែងនោះមកវិញបាន។ នៅក្នុងស្ថានភាពដូចនេះព្រះរាជអាជ្ញាត្រូវតែជូនដំណឹងដល់ ប្រធានតុលាការជាន់ដំបូងជាបន្ទាន់ភ្លាមដែរ។ ទោះជាយ៉ាងណាក្តីក្នុងករណី ដែលមានសេចក្តីសម្រេចដកហូត ការដោះលែងដោយមានលក្ខខណ្ឌទណ្ឌិតត្រូវតែទទួលទោសរបស់ខ្លួនដែលនៅសេសសល់រហូតចប់សព្វគ្រប់។ ជាទូទៅ រយៈពេលដែលនៅសេសសល់ត្រូវគិតចាប់ពីពេល ដែលទណ្ឌិតបានទទួលសេចក្តីសម្រេចអនុញ្ញាត ឱ្យដោះលែងដោយមានលក្ខខណ្ឌ។ ម្យ៉ាងទៀត ប្រសិនបើទណ្ឌិតត្រូវបានចាប់ខ្លួនតាមការបង្គាប់របស់ព្រះរាជ អាជ្ញារយៈពេលឃុំខ្លួនរហូតមកទល់នឹងសេចក្តីសម្រេចដកហូតការដោះលែងដោយមានលក្ខខណ្ឌនេះ ក៏ត្រូវតែ យកមកគិតបញ្ចូលក្នុងថិរវេលានៃការអនុវត្តទោសដែលនៅសេសសល់ទាំងអស់[5]។ ផ្ទុយមកវិញ ប្រសិនបើ ការដោះលែងដោយមានលក្ខខណ្ឌមិនត្រូវបាន តុលាការដកហូតក្នុងរយៈពេលសាកល្បងទេលុះដល់ពេលផុត រយៈពេលសាកល្បង ហើយការដោះលែងនឹងក្លាយទៅជាស្ថាពរ។ ក្នុងករណីបែបនេះត្រូវតែចាត់ទុកថាទណ្ឌិត បានអនុវត្តទោសរបស់ខ្លួនចាប់តាំងពីថ្ងៃដែលបានដោះលែងដោយមានលក្ខខណ្ឌមកម្ល៉េះ។



[1] មាត្រា៥១២ និងមាត្រា ៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧

[2] មាត្រា ៧៩ នៃច្បាប់ស្តីពីពន្ធនាគារ ឆ្នាំ២០១១

[3] មាត្រា ៥១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧

[4] មាត្រា ៥១៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧

[5] មាត្រា ៥១៨ ដល់មាត្រា៥២០ នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧



No comments:

Post a Comment