មូលហេតុនៃការរំលត់បណ្តឹងអាជ្ញា
ការផុតអាជ្ញាយុកាល
អាជ្ញាយុកាលនៃបទល្មើស ឬ អាចហៅម្យ៉ាងទៀតថាអាជ្ញាយុកាលនៃបណ្តឹងអាជ្ញា គឺជារយៈពេលមួយដែលច្បាប់កំណត់ ហើយនៅពេលដែលផុតរយៈពេលនេះ បណ្តឹងអាជ្ញាពុំអាចដាក់ឲ្យដំណើរការបានទៀតទេ។
ថិរវេលាអាជ្ញាយុកាលនៃបទល្មើស មានកំណត់នៅក្នុងមាត្រា ១០ នៃក្រមនីតិវិធិព្រហ្មទណ្ឌ ដែលថិរវេលានេះមានកំណត់ដូចតទៅ ៖
· ១៥ ឆ្នាំ ចំពោះបទឧក្រិដ្ឋ
· ៥ ឆ្នាំ ចំពោះបទមជ្ឈិម
· ១ ឆ្នាំ ចំពោះបទលហុ
ថិរវេលានៃអាជ្ញាយុកាលនេះ
ត្រូវចាប់ផ្តើមគិតពិពេលដែលប្រព្រឹត្តបទល្មើស។ អាជ្ញាយុកាលត្រូវផ្តាច់
ដោយគ្រប់កិច្ចនៃការចោទប្រកាន់ ឬ កិច្ចស៊ើបសួរ។ ការបញ្ចប់កិច្ចចោទប្រកាន់ ឬ
កិច្ចស៊ើបសួរនីមួយៗ
នាំឲ្យចាប់ផ្តើមគិតថិរវេលាថ្មីនៃអាជ្ញាយុកាលតាមការវែកញែកនៃមាត្រា ១០
(អាជ្ញាយុកាលនៃបទល្មើស) នៃក្រមនេះ។ ថិរវេលាថ្មីអាចយកទៅជំទាស់បាន
ចំពោះជនគ្រប់រូបដែលទាក់ទិនក្នុងរឿងនេះ។
តាមខ្លឹមសារនៃមាត្រា ខាងលើ ជាគោលការណ៍ អាជ្ញាយុកាលត្រូវបានចាប់ផ្តើមរាប់នៅពេលដែលប្រព្រឹត្តបទល្មើសនិងរយៈពេលនៃដែលត្រូវបញ្ជប់គឺអាស្រ័យទៅតាមថិរវេលាដែលមានចែងនៅក្នុងមាត្រា ១០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ហើយតាមអនុភាពនៃថិរវេលានេះ គឺជារយៈពេលមួយដែលផ្តល់ឲ្យដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការចាត់ការតាមនីតិវិធីនៃច្បាប់ព្រហ្មទណ្ឌ ដើម្បីចាប់ជននោះយកទៅផ្តន្ទាទោស។ ផ្ទុយទៅវិញប្រសិនបើនៅក្នុងរយៈពេលដែលបានកំណត់នេះពុំមានចំណាត់ការណាមួយត្រូវបានអនុវត្តនោះទេ ហើយបើហួសរយៈពេលនេះ នោះអាជ្ញាធរមានសមត្ថកិច្ចមិនអាចចាប់ជនល្មើសយកទៅផ្តន្ទាទោសបានឡើយ ដោយសារផុតអាជ្ញាយុកាលនៃបទល្មើស ឬ បណ្តឹងអាជ្ញា។ ចំណុចមួយទៀត គឺទាក់ទងនឹងការផ្តាច់អាជ្ញាយុកាលដែលមានចែងនៅក្នុងមាត្រា ១១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ជាគោលការណ៍អាជ្ញាយុកាលត្រូវចាប់ផ្តើមរាប់ចាប់ពីពេលដែលប្រព្រឹត្តបទល្មើស ប៉ុន្តែថិរវេលានេះនឹងត្រូវបានកាត់ផ្តាច់នៅពេល ដែលមានចំណាត់ការនៃកិច្ចចោទប្រកាន់ ឬ កិច្ចស៊ើបសួរ មានន័យថាបើមានកិច្ចទាំងត្រូវបានអនុវត្តនោះរយៈពេលនៃអាជ្ញាយុកាលលែងរាប់ទៀតហើយ។ ប៉ុន្តែអាជ្ញាយុកាលនឹងចាប់ផ្តើមរាប់សាជាថ្មី នោះពេលបញ្ចប់កិច្ចទាំងនេះ ដោយធ្វើការរាប់ចាប់ផ្តើមពីការបញ្ចប់នៃកិច្ចចោទប្រកាន់នោះ មិនមែនរាប់ចាប់ពីពេលប្រព្រឹត្តបទល្មើសនោះទេទៀត។ ករណីមួយមួយចំនួនអាចជាបញ្ហានៅក្នុងការកំណត់ពីភាពចាប់ផ្តើមនៃការគិតអាជ្ញាយុកាលផងដែរ ដូចជាករណីដែលកិច្ចចោទប្រកាន់បានចាប់ផ្តើមអនុវត្តប៉ុន្តែអាជ្ញាធរបានទុកសំណុំរឿងនោះចោលមិនអើពើអ្វីទាំងអស់ ហើយមិនដឹងថានឹងបញ្ចប់នៅពេលណា ដូច្នេះហើយទើបអាចនាំឲ្យមានបញ្ហាថាតើអាជ្ញាយុកាលនោះត្រូវកាត់ផ្តាច់ឬអត់ ហើយនឹងត្រូវចាប់ផ្តើមរាប់សាជាថ្មីនៅពេលណាដែរ។ ប៉ុន្តែជារអនុវត្តនៅក្នុងករណីបើទោះបីជាកិច្ចនីតិវិធីត្រូវបានចាប់ផ្តើមក៏ដោយបើសំណុំរឿងនេះត្រូវទុករហូតដល់ ០៥ ឆ្នាំមិនចាត់ការបន្ទាប់ពីថ្ងៃទទួល ហើយហួសរយៈពេលនេះត្រូវបានចាត់ទុកថាផុតអាជ្ញាយុកាលនៃបទល្មើស ដូចនេះមិនអាចបន្តនីតិវិធីបានទៀតឡើយ។ ឧទាហរណ៍ មានករណីបទល្មើសមជ្ឈឹមបានកើតឡើង ហើយសមត្ថកិច្ចបានស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត តែបន្ទាប់ពីទទួលបានក្នុងរយៈពេល ០៥ ឆ្នាំ ពុំមានការចាត់នីតិវិធីលើសំណុំរឿងនេះទេ ដូច្នេះបើ ៥ ឆ្នាំបានកន្លងផុតទៅហើយនោះតុលាការពុំអាចដំណើរការរឿងក្តីនោះបានឡើយ ព្រោះផុតអាជ្ញាយុកាលនៃបទល្មើស។ បញ្ហាមួយទៀតគឺថាតើនីតិវិធិនៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ ត្រូវបានចាត់ទុកជាកិច្ចមួយដែលនាំឲ្យមានការកាច់ផ្តាច់អាជ្ញាយុកាលដែលឬទេ? ចំណុចនេះបើតាមខ្លឹមសារនៃមាត្រា ១១ គឺបានកំណត់ពាក្យថា “គ្រប់កិច្ចនៃការចោទប្រកាន់” នៅក្នុងស្មារតីនេះគឺបកស្រាយមិនមែនតែជាការចោទប្រកាន់របស់ព្រះរាជអាជ្ញានោះទេ គឺគ្រប់កិច្ចដែលនាំឲ្យមានការចោទប្រកាន់ពោលគឺរាប់ទាំងកិច្ចការស៊ើបអង្កេត របស់មន្ត្រីនគរបាលយុត្តិធម៌ផងដែរ ព្រោះថាគឺជាកិច្ចដែលនាំទៅកាន់ការចោទប្រកាន់របស់ព្រះរាជអាជ្ញា ហើយកិច្ចនេះក៏ស្ថិតនៅក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញាផងដែរ។ ដូច្នេះហើយ ករណីដែលអាជ្ញាយុកាលជិតផុតទៅហើយ ប៉ុន្តែអាជ្ញាធរបានដឹងអំពីអត្តសញ្ញាណនៃបទល្មើស និងជនសង្ស័យ ហើយបើទោះបីការងារស៊ើបអង្កេតនេះចំណាយពេលជាច្រើនថ្ងៃក៏ដោយក៏ការចាប់ផ្តើមការស៊ើបអង្កេត នោះនាំឲ្យមានការកាត់ផ្តាច់រយៈពេលនៃអាជ្ញាយុកាលផងដែរ។
ទោះបីជាមានកំណត់ដូចនេះក៏ដោយក៏ មានប្រភេទបទល្មើសធំៗមួយចំនួន ដូចជា បទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មសង្រ្គាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្ស គឺជាប្រភេទបទល្មើសមួយដែលត្រូវច្បាប់កំណត់ថាគ្មានអាជ្ញាយុកាលនោះទេ មានន័យថាបើទោះបីជានៅក្រោយពេលប្រព្រឹត្តបទល្មើសទាំងនេះ កន្លងហួសយូរឆ្នាំណាមក៏ដោយ ក៏តុលាការនៅតែអាចយកជនល្មើសមកកាត់ទោសបានដែរ មូលហេតុសំខាន់ដោយសារតែបទល្មើសនេះនឹងគឺជាប្រភេទបទឧក្រិដ្ឋធ្ងន់ធ្ងរ និងមានព្យសនកម្មធំធេង ដូច្នេះហើយគ្មានហេតុផលណាដែលត្រូវកំណត់ឲ្យមានការអាជ្ញាយុកាលនៃការរំលត់បណ្តឹងអាជ្ញាលើប្រភេទបទល្មើសនេះទេ ។
No comments:
Post a Comment