Wednesday, July 29, 2020

ទម្រង់នៃសាលក្រមព្រហ្មទណ្ឌ

ទម្រង់នៃសាលក្រមព្រហ្មទណ្ឌ

រហូតមកដល់សព្វថ្ងៃនេះ ពុំឃើញមានបទបញ្ញត្តិណាមួយដែលកំណត់ឲ្យបានច្បាស់លាស់អំពីរបៀប សរសេរសាលក្រមព្រហ្មទណ្ឌនោះទេប៉ុន្តែមានតែបញ្ញត្តិមួយចំនួន ដែលបកស្រាយពីរចនាសម្ព័ន្ធរបស់សេចក្តី សម្រេចតុលាការ ពោលគឺមាត្រា ១៤៣ នៃច្បាប់នីតិវិធីព្រហ្មទណ្ឌចុះថ្ងៃទី ០៨ ខែមិនា ឆ្នាំ១៩៩៣ មាត្រា ៣៥៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ និងមាត្រា ៧ កថាខណ្ឌទី៥ នៃច្បាប់ស្តីពីការរៀប ចំអង្គការតុលាការ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ។ នៅក្នុងបទបញ្ញត្តិទាំងនេះបានកំណត់នូវធាតុផ្សំចាំបាច់ ដូចគ្នាគឺថាការ     សរសេរសាលក្រមត្រូវមានផ្នែកសំអាងហេតុ និងផ្នែកសម្រេច។ បន្ថែមលើនេះដើម្បីធ្វើការ បកស្រាយទៅលើទម្រង់នៃសាលក្រមព្រហ្មទណ្ឌ គឺនឹងធ្វើការសាកល្បងពិចារណាផង ដែរទៅលើទម្រង់នៃ សាលក្រមព្រហ្មទណ្ឌ ដែលត្រូវបានចេញដោយតុលាការនាពេលបច្ចុប្បន្ន។ 

តាមសាលាជម្រះក្តីនីមួយៗ សេចក្តីសម្រេចនឹងមានបន្ថែមសេចក្តីសំអាងហេតុដោយឡែកទៅតាមគំរូ នីមួយៗនៃការតែងសាលក្រម។ ប៉ុន្តែការចាំបាច់នោះគឺត្រូវធ្វើសេចក្តីសំអាងហេតុដោយចៅក្រមផ្ទាល់ចំពោះ សេចក្តីសម្រេចដែលទាក់ទងទៅនឹងការប្រកាសដាក់ពន្ធនាគារ។

១. ការបង្កើតខ្លឹមសារនៃសាលក្រមព្រហ្មទណ្ឌ

ការបង្កើតនូវខ្លឹមសារនៃសាលក្រមព្រហ្មទណ្ឌ ត្រូវធ្វើឡើងដោយផ្អែកលើដំណើរការនៃនីតិវិធីជំនុំជម្រះ និង ភស្តុតាងដែលបានបញ្ជាក់ពីអត្ថិភាព ឬ នត្ថិភាពនៃបទល្មើសក្នុងសំណុំរឿងព្រហ្មទណ្ឌមួយ។ ការជំនុំជម្រះនៅ ក្នុងរឿងក្តីព្រហ្មទណ្ឌ មានឥទ្ធិពលដល់ជនជាប់ចោទដូចនេះការសម្រេចសេចក្តីនីមួយៗទាមទារជាដាច់ខាតគឺ ភស្តុងតាងគ្រប់គ្រាន់។ អាស្រ័យហេតុនេះហើយដើម្បីការពារ និងការគោរពនូវសិទ្ធិរបស់ជនជាប់ចោទនៅក្នុង ក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់ពីគោលការណ៍សំខាន់មួយគឺ “វិមតិសង្ស័យត្រូវ តែបានជាប្រយោជន៍ដល់ ជនជាប់ចោទជានិច្ច”[1]។ ដូចនេះក្នុងការប្រកាសពីពិរុទ្ធភាព តុលាការត្រូវ ពិនិត្យមើលថាអំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈិម ឬ បទលហុ ហើយជនជាប់ចោទបានប្រព្រឹត្តអំពើដែលបានចោទប្រកាន់ឬទេ។ ប្រសិនបើពិនិត្យ ឃើញថាមានពិរុទ្ធភាពលើជនជាប់ចោទ តុលាការត្រូវប្រកាសទោសតាមច្បាប់បញ្ញត្តិ។ ប៉ុន្តែប្រសិនបើយល់ ឃើញថាអំពើនោះមិនមែនជាបទល្មើសទេឬក៏ជនជាប់ចោទគ្មានកំហុសទេជនជាប់ចោទត្រូវបានរួចពីបទចោទ។

ខ្លឹមសារនៃសាលក្រម កំណត់អំពីទណ្ឌកម្មចំពោះជនជាប់ចោទនិងអំពីផលប្រយោជន៍ផ្នែករដ្ឋប្បវេណី ចំពោះជនជាប់ចោទ គឺប្រកាសទោសជនជាប់ចោទតាមបញ្ញត្តិច្បាប់ ក្រោយពីបានពិនិត្យឃើញមានពិរុទ្ធភាពលើ ជនជាប់ចោទ ។

ការបង្កើតនូវខ្លឹមសារសាលក្រម គឺជាចំណុចមួយដ៏សំខាន់ពីព្រោះថាវាមិនត្រឹមតែកំណត់ឲ្យបានច្បាស់នូវ អត្ថិភាពនៃបទល្មើសព្រហ្មទណ្ឌណាមួយ និងការផ្តល់នូវសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះនោះទេ ទន្ទឹមនេះ ក៏ជាសេចក្តីសម្រេចដើម្បីរៀបចំសម្រួល ឬ ដោះស្រាយបញ្ហាទាក់ទិននឹងនីតិវិធីព្រហ្មទណ្ឌ។ បន្ថែមលើនេះ សាលក្រមព្រហ្មទណ្ឌក៏បញ្ជាក់អំពី ៖

  • គំនិតនិងការយល់ឃើញរបស់តុលាការ ក្នុងការចេញសេក្តីសម្រេចថាតើតុលាការសម្រេចដោយ ផ្អែកលើមូលដ្ឋានអង្គហេតុ និងអង្គច្បាប់អ្វីខ្លះ។ វាក៏ជាការពន្យល់ និងបញ្ជូននូវហេតុផល ដែលនាំឲ្យតុលាការសម្រេចសេចក្តីបែបណាមួយនៃរឿងក្តីព្រហ្មទណ្ឌរួមមាន ជនជាប់ចោទ ជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី និងព្រះរាជអាជ្ញាព្រមទាំងសាធារណជន ផងដែរ ។

  • ផ្តល់ហេតុផល និងមូលដ្ឋានសម្រាប់ឲ្យភាគីពិចារណាថាចាំបាច់ត្រូវប្តឹងឧបាស្រ័យទៅ តុលាការ ជាន់ខ្ពស់ និងសម្រាប់ឲ្យតុលាការជាន់ខ្ពស់ពិនិត្យហើយព្រមទាំងពិចារណាអំពីការសម្រេច សេចក្តីរបស់តុលាការជាន់ទាបផងដែរ ។

នៅក្នុងសាលក្រមត្រូវចុះនិទ្ទេសដែលកំណត់អំពីកាលបរិច្ឆេទសវនាការ កាលបរិច្ឆេទនៃការប្រកាស សាលក្រម អត្តសញ្ញាណរបស់ចៅក្រមជំនុំជម្រះ ក្រឡាបញ្ជី អយ្យការ ជាដើម។ ក្រោយពីបានចុះហត្ថលេខា ដោយប្រធាន និងក្រឡាបញ្ជីរូចសាលក្រមដើមត្រូវតម្កល់ទុកនៅការិយាល័យក្រឡាបញ្ជីយ៉ាងយូរបំផុត ៨ ថ្ងៃ ក្រោយការប្រកាសសាលក្រម។​ ការិយាល័យក្រឡាបញ្ជីត្រូវតែរក្សាទុកសាលក្រមដើមជានិច្ច។ ក្រឡាបញ្ជី អាចផ្តល់ច្បាប់ចម្លងនៃសាលក្រមជាអាទិ៍ក្នុងករណីមានបណ្តឹងឧទ្ធរណ៍[2]

     ២. រចនាសម្ព័ន្ធនៃសាលក្រមព្រហ្មទណ្ឌ

ការអនុវត្តនៅតាមសាលាជំរៈក្តីនីមួយៗតែងមានសាលក្រមគំរូ ឬ រូបមន្តដែលសម្រាប់ឲ្យចៅក្រមប្រើប្រាស់ ក្នុងសំណុំរឿងទាំងឡាយ ។

សាលក្រមព្រហ្មទណ្ឌមួយបានបង្ហាញឲ្យឃើញពីផ្នែកក្បាល ឬ ផ្នែកលក្ខណៈសម្បត្តិ និងផ្នែកសាលក្រម​សុទ្ធ សាធដែលកំណត់អំពីសំអាងហេតុ និងសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីព្រហ្មទណ្ឌណាមួយ ។

២.១ ផ្នែកក្បាល ឬផ្នែកលក្ខណៈសម្បត្តិនៃសាលក្រម                  

ផ្នែកក្បាលនៃសាលក្រម ជាចំណុចមួយសំខាន់ដែលត្រូវសរសេរដំបូងគេ ព្រោះបង្ហាញគ្រប់អត្តសញ្ញាណនៃ ភាគីដែលចូលរួមក្នុងការជំនុំជម្រះលើរឿងក្តី និងកំណត់អំពីមូលហេតុនៃបណ្តឹងដែលត្រូវបានបញ្ជូនមករួម ជាមួយនឹងនីតិវិធីមួយចំនួនទៀត ។

ចំពោះផ្នែកក្បាលនៃសាលក្រម ឬ គេហៅម្យ៉ាងទៀតបានថាផ្នែកលក្ខណៈសម្បត្តិនៃសាលក្រម ដែល មានចុះអំពី ៖

      កាលបរិច្ឆេទនៃសវនាការ ៖ សំដៅដល់ ពេលវេលានៃការបើកសវនាការរបស់តុលាការ

      កាលបរិច្ឆេទនៃការប្រកាសសាលក្រម

ទីកន្លែង ឈ្មោះតុលាការ និងលេខសំណុំរឿង ៖ ជាការកំណត់អំពីតុលាការដែលមានសមត្ថកិច្ចដែល អាចទទួលយកសំណុំរឿងមកចាត់ការតាមនីតិវិធីច្បាប់ហើយក៏បញ្ជាក់ពីលេខលំដាប់នៃសំណុំរឿងព្រហ្មទណ្ឌដើម្បីងាយស្រួលសម្គាល់ ។

− នាម និងគោត្តនាមរបស់ចៅក្រមជំនុំជម្រះ ៖ ឈ្មោះរបស់ចៅក្រមដែលទទួលបានការចាត់តាំង ទទួលសំណុំរឿងពីប្រធានតុលាការ ដោយផ្អែកទៅតាមកំណត់ក្នុងដីកាសម្រេចប្រចាំឆ្នាំរបស់ ប្រធានសាលាដំបូង។ ចៅក្រមជំនុំជម្រះអាចមាន ១ រូប ឬការជំនុំជម្រះដោយក្រុម ប្រឹក្សា ៣ រូបចំពោះបទឧក្រិដ្ឋ ព្រមទាំងបទមជ្ឈិម និងបទលហុដែលជាប់ទាក់ទង[3]

−  នាម និងគោត្តនាមរបស់ក្រឡាបញ្ជីជំនុំជម្រះ ៖ ឈ្មោះរបស់ក្រឡាបញ្ជីដែលត្រូវ បានចាត់តាំង ដោយចៅក្រមជំនុំជម្រះដែលទទួលការតែងតាំងហើយដើម្បីជួយខ្លួនក្នុងការកាន់កាប់ និងរៀបចំសំណុំរឿងជាដើម។

− នាម និងគោត្តនាមរបស់តំណាងអយ្យការ ៖ ក្នុងរឿងក្តីព្រហ្មទណ្ឌដាច់ខាតត្រូវតែមានវត្តមាន របស់តំណាងអយ្យការ ពីព្រោះគាត់ជាម្ចាស់បណ្តឹងអាជ្ញា ដែលធ្វើការចោទប្រកាន់ពីបទល្មើស ព្រហ្មទណ្ឌ និងសន្និដ្ឋានឲ្យតុលាការអនុវត្តច្បាប់ព្រមទាំងជាអ្នកធានារ៉ាបរងការអនុវត្តសេចក្តី សម្រេចខាងបទល្មើសព្រហ្មទណ្ឌ និងធានាយកចិត្តទុកដាក់លើការផ្សព្វផ្សាយដីកាបង្គាប់ឲ្យ ចាប់ខ្លួន[4]។ អាស្រ័យហេតុនេះនៅក្នុងសាលក្រមត្រូវតែមានសរសេរ អំពីឈ្មោះរបស់តំណាង អយ្យការនេះ ។

  អត្តសញ្ញាណរបស់គូភាគី ឈ្មោះ វិជ្ជាជីវៈ និងតួនាទី ៖ ជាចំណុចសំខាន់  ដែលត្រូវតែសរសេរដើម្បី កំណត់ឲ្យបានច្បាស់ពីអ្នកដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវបទល្មើស ដែលខ្លួនបាន ប្រព្រឹត្ត និងអ្នកដែលជនរងគ្រោះពីបទល្មើសនោះ។

−អត្តសញ្ញាណរបស់មេធាវី ឬ អ្នកការពារក្តី ៖ ឈ្មោះរបស់មេធាវីអាចមាន ឬ មិនមានក៏បាន ព្រោះថា រឿងក្តីខ្លះមិនចាំបាច់មានមេធាវីក៏បាន។ ប៉ុន្តែរឿងក្តីព្រហ្មទណ្ឌមួយចំនួនត្រូវតែ មានដាច់ខាតពោល គឺក្នុងករណីបទឧក្រិដ្ឋ និងកាលណាជនជាប់ចោទជាអនីតិជន។ បើទោះបីជាគ្មានការជ្រើសរើស មេធាវីដោយជនជាប់ចោទក៏ដោយ ក៏ត្រូវបានចាប់ផ្តើមរបស់ប្រធានតុលាការនៅក្នុងលក្ខខណ្ឌ ដែលមានចែងនៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី[5]

ការចោទប្រកាន់ជាក់លាក់ ៖ សំដៅដល់ការចោទប្រកាន់របស់តំណាងអយ្យការ ដែលតុលាការ ទទួលតាមដីកាបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬ តាមនីតិវិធីបង្ហាញខ្លួនភ្លាម ឬ តាមដីកាដំណោះស្រាយ ដែលបញ្ជូនមកជំនុំជម្រះដោយចៅក្រមស៊ើបសួរ។

−  សំណូមពររបស់គូភាគី ប្រសិនបើមាន ៖ ការបង្ហាញអំពីសំណូមពររបស់គូភាគី ដែលពួកគាត់ ចង់បានប៉ុន្តែមិនធ្វើឲ្យតុលាការជាប់កាតព្វកិច្ចនោះទេ ។

សេចក្តីរំលឹកពីនីតិវិធីដែលបានប្រព្រឹត្ត ដោយមានចុះនិទ្ទេសនូវអំពើនិងកិច្ចធំៗព្រមទាំងឧប្បត្តិ ហេតុនានា

      សំណួរ និងចម្លើយនៅពេលសវនាការ

  សេចក្តីសម្រេចនានាដែលតុលាការបានធ្វើក្នុងអំឡុងនីតិវិធី ៖ គឺបង្ហាញពី ភស្តុតាងដោយផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរដែលគូភាគីលើកសំអាង សេចក្តីសន្និដ្ឋានរបស់តំណាងអយ្យការ និងអំណះអំណាងរបស់គូភាគីជាដើម ។

ចំណុចដែលបានបង្ហាញពីខាងលើគឺត្រូវធ្វើសរសេរនៅខាងផ្នែកក្បាលនៃសាលក្រម និងត្រូវកំណត់ទៅតាម លំដាប់លំដោយទៅតាមទម្រង់ ប៉ុន្តែបច្ចុប្បន្ននៅតាមសាលជម្រះក្តីមានគំរូសម្រាប់សរសេរសាលក្រម ដែលបង្ក ជាភាពងាយស្រួលមួយចំនួនដល់ចៅក្រម ។

បន្ទាប់ពីការសរសេរអំពីផ្នែកលក្ខណៈសម្បត្តិនៃសាលក្រម ឬ ផ្នែកក្បាលរួចហើយនោះគឺជាការចាប់ផ្តើម ដើម្បីពិនិត្យជាបន្ទាប់ចំពោះផ្នែកសំអាងហេតុ និងផ្នែកសេចក្តីសម្រេច ។

២.២ ផ្នែកសាលក្រមសុទ្ធសាធ

នៅក្នុងផ្នែកនេះត្រូវចែកជាពីរ ដែលកំណត់នូវសេចក្តីសម្រេចរបស់តុលាការ គឺផ្នែកសំអាងហេតុ និងផ្នែក សេចក្តីសម្រេច។ ចំណុចនេះមានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា ៣៥៧ ចែងថា “គ្រប់សាល ក្រមត្រូវមានពីរផ្នែក គឺ ផ្នែកសំអាងហេតុ និងផ្នែកសម្រេច”។ ផ្នែកនេះគឺជា ចំណុចសំខាន់ព្រោះបង្ហាញអំពី សេចក្តីសម្រេចរបស់តុលាការដោយផ្អែកទៅលើសំអាងហេតុ និងការចង្អុលបង្ហាញអំពីអត្ថបទច្បាប់ដើម្បីធ្វើការ កំណត់ថាមានបទល្មើសកើតឡើង ឬ ក៏ពុំមានបទល្មើស។ ការសម្រេចសេចក្តីរបស់តុលាការអាស្រ័យទៅលើ អំណះអំណាងដែលបង្ហាញពីភាពស៊ីសង្វាក់ និងអត្ថបទច្បាប់ក៏ដូចជា ឆន្ទៈនុសិទ្ធិរបស់ចៅក្រម ដែលអ្វីទាំងនេះ ត្រូវបង្ហាញនៅក្នុងសាលក្រម ។

ក. ផ្នែកសំអាងហេតុ

សំអាងហេតុ គឺជាយោបល់ទាំងឡាយដែលនាំឲ្យកំណត់ចេញសេចក្តីសម្រេចរបស់តុលាការ ដែលបាន បង្ហាញពីការយល់ឃើញរបស់ចៅក្រមក្រោយពីការបានធ្វើការជំនុំជម្រះ[6]។ ក្នុងចំណុចនេះមានន័យថា ចៅក្រម បានស្វែងយល់អំពីអង្គហេតុនៃរឿងក្តី ចម្លើយរបស់ជនជាប់ចោទ និងការអះអាងរបស់ជន រងគ្រោះ សេចក្តី សន្និដ្ឋានក៏ដូចជាសំណើររបស់តំណាងអយ្យការ មូលហេតុនានាដែលពាក់ព័ន្ធ ជាពិសេស គឺអត្ថបទច្បាប់ដែល ចង្អុលបង្ហាញពីការកំណត់បទល្មើស។ សំអាងហេតុជាចំណុចមួយដ៏សំខាន់ ព្រោះបង្ហាញពីការយល់ឃើញ របស់តុលាការអំពីការសម្រេចឲ្យមានការផ្តន្ទាទោស ឬ មួយក៏ជាការសម្រេចឲ្យរួចខ្លួន ។

សំអាងហេតុជាផ្នែកមួយដ៏សំខាន់ ដែលក្នុងផ្នែកនេះត្រូវសរសេរដោយត្រូវលើកឡើងអំពីទឡ្ហីករណ៍នៃ អង្គហេតុ និងអង្គច្បាប់ដែលនាំឲ្យតុលាការចេញសេចក្តីសម្រេចនេះបាន។ នៅក្នុងសំអាងហេតុនេះតុលាការ ត្រូវធ្វើការឆ្លើយតបទៅនឹងសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍របស់គូភាគី។ ចំពោះអង្គហេតុត្រូវតែច្បាស់លាស់ និងគ្មានការសង្ស័យ ព្រោះថាវាចំណុចដែលបញ្ជាក់អំពីអត្ថិភាព និងនត្ថិភាពនៃបទល្មើសរបស់ជនជាប់ចោទ។ តុលាការត្រូវពិនិត្យមើលបទចោទនីមួយៗ និងទឡ្ហីករណ៍ដែលបានលើកនៅពេលសវនាការ ។

នៅក្នុងផ្នែកសំអាងហេតុនេះ គប្បីបញ្ជាក់ទីមួយនៅក្នុងសាលក្រមព្រហ្មទណ្ឌដែលគេហៅថា ការប្តឹងដែល ​បានមកពីលិខិតរបស់អ្នកប្តឹងទៅតុលាការ។ ឧទាហរណ៍ ៖ ជាជនជាប់ចោទ ដែលបានប្រព្រឹត្តកាលពី ថ្ងៃទី...........នៅ.......................ដោយធ្វើសកម្មភាពដកយកដោយទុច្ចរិតនូវម៉ូតូមួយគ្រឿង ដែលជាកម្មសិទ្ធិ របស់ ។ នេះគឺជាកម្មវត្ថុរបស់បណ្តឹងក្នុងវិស័យព្រហ្មទណ្ឌ ។

សំអាងហេតុត្រូវបានបែងចែកជាពីរផ្នែកទៀតគឺផ្នែកបណ្តឹងអាជ្ញានិងផ្នែកបណ្តឹងរដ្ឋប្បវេណី[7]

  • ផ្នែកបណ្តឹងអាជ្ញា ៖ តុលាការសំអាងហេតុជាដំបូងលើសេចក្តីសម្រេចដែលបាន ជ្រើសរើស យកករណីដោយឡែករបស់នីតិវិធីដែលលើកឡើងពីសមត្ថកិច្ច អាជ្ញាយុកាល មោឃភាព ដោយឡែកជាដើម។ បន្តមកតុលាការសំអាងហេតុលើសេចក្តីសម្រេចនៃពិរុទ្ធភាពបទល្មើស ម្តងមួយៗដោយបង្ហាញយ៉ាងសង្ខេបអំពីជំហររបស់ភាគីទាំងឡាយ។ ជាទីបញ្ចប់តុលាការ សំអាងហេតុលើសេចក្តីសម្រេចនៃការជ្រើសរើសទណ្ឌកម្ម ។

  •  ផ្នែកបណ្តឹងរដ្ឋប្បវេណី ៖ ត្រូវបង្ហាញអំពីវិជ្ជមាននៃការសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី និងដោយសង្ខេបអំពីសេចក្តីសំអាង និងមធ្យោបាយរបស់គេផង បន្ទាប់មកទើបមធ្យោបាយ របស់ជនជាប់ចោទ ។

  ខ. ផ្នែកសេចក្តីសម្រេច

ផ្នែកសេចក្តីសម្រេច ជាផ្នែកចុងក្រោយដែលត្រូវសរសេរនៅក្នុងសាលក្រម ហើយគឺជាវិធានការទាំងឡាយ ដែលត្រូវចាត់ការ ឬ ផ្តន្ទាទោសដែលតុលាការបានសម្រេចបើជនជាប់ចោទមានពិរុទ្ធ ឬ ការដោះលែងឲ្យរួចខ្លួន ដែលត្រូវមានសំអាងហេតុគ្រប់ចំណុចសំខាន់ៗនៃបទចោទប្រកាន់ និងគ្រប់ចំណុចនៃពាក្យសុំរបស់ភាគី។  សេចក្តីសម្រេចជាផ្នែកសំខាន់នៃសាលក្រម ដែលត្រូវសរសេរឲ្យបានច្បាស់ លាស់ដូចសំអាងហេតុដែរ។ នៅក្នុង ផ្នែកនេះតុលាការសម្រេចអំពីភាពមានពិរុទ្ធ ដែលមានបញ្ជាក់ពីមូលទោស ដែលកំណត់ពីរយៈពេលនៃការ ជាប់ពន្ធនាគារ និងទោសពិន័យ ដែលការសម្រេចនេះត្រូវផ្អែកលើអត្ថបទច្បាប់ដែលបានកំណត់អំពីទោស ដែល ត្រូវទទួល។ ប៉ុន្តែបើគ្មានភស្តុតាងណាមួយ ដែលអាចដាក់បន្ទុកលើជនជាប់ចោទបាននោះនឹងសម្រេចឲ្យរួច ខ្លួន។ ក្នុងចំនុចនេះក៏អាចមានកំណត់ ផងដែរចំពោះវត្ថុតាងនានា ដែលត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬ បំផ្លាញចោល ឬ ក៏ប្រគល់ឲ្យជនរងគ្រោះវិញ។ ជាចុងក្រោយគឺការកំណត់អំពីការប្រកាសសាលក្រម ដែលអាចមានកំណត់ ពីការប្រកាសជាសាធារណៈ ឬ ក៏មិនសារធារណៈដោយសារស្ថានភាពចាំបាច់ណាមួយ និងបញ្ជាក់ពីការប្រកាស សាលក្រមចំពោះមុខ ឬ កំបាំងមុខភាគី ហើយព្រមទាំងការបើកសិទិ្ធឲ្យគ្រប់ភាគីក្នុងការប្តឹងឧទ្ធរណ៍ក្នុងកំណត់ ច្បាប់ ។

ផ្នែកសេចក្តីសម្រេចត្រូវចុះនិទ្ទេស អំពីបទល្មើសដែលជនជាប់ចោទបានប្រព្រឹត្តខុសអត្ថបទច្បាប់ ដែល អនុវត្តទោស និងទណ្ឌកម្មរដ្ឋប្បវេណី ។

ក្រៅពីការកំណត់អំពីភាពមានទោស ឬក៏ការសម្រេចឲ្យរួចខ្លួនរបស់តុលាការ នៅក្នុងផ្នែកសេចក្តីសម្រេច ក៏អាចនឹងកំណត់ផងដែរនូវចំណុចមួយចំនួនដូចខាងក្រោម ៖

  • ការឃុំខ្លួន និងការចាប់ខ្លួន[8] ៖ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ មានន័យថាតុលាការ អាចចេញ ឬ មិនចេញក៏បានដែរ។ ប៉ុន្តែប្រសិនបើតុលាការចេញដីកាណាមួយនោះតុលាការត្រូវគោរព លក្ខខណ្ឌសំខាន់ៗពីរគឺ តុលាការប្រកាសផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគា ១ ឆ្នាំ យ៉ាង តិចដោយគ្មានការព្យួរ និងត្រូវមានសំអាងហេតុក្នុងការចេញ ដីកាបង្គាប់ឲ្យឃុំខ្លួន និងដីកា បង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ ។

  • ការប្រគល់វត្ថុដែលចាប់យក[9] ៖ តុលាការក៏ត្រូវសម្រេចអំពីវត្ថុដែលចាប់យកដែលមានក្នុង សំណុំរឿងព្រហ្មទណ្ឌ  ការសម្រេចអំពីការប្រគល់វត្ថុចាប់យកនេះ តុលាការអាចសម្រេច ប្រគល់វត្ថុនោះទៅឲ្យម្ចាស់ដើមវិញ ឬ រឹបអូស។ ជាទូទៅប្រសិនបើវត្ថុចាប់យកណាមួយ ពុំពាក់ព័ន្ធនឹងបទល្មើសតុលាការនឹងសម្រេចប្រគល់វត្ថុទាំងនោះទៅម្ចាស់ដើមវិញ ប៉ុន្តែផ្ទុយមក វិញបើវត្ថុចាប់យកណាមួយជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស ឬ ពាក់ព័ន្ធនឹងផលពី បទល្មើសតុលាការសម្រេចរឹបអូសវត្ថុទាំងនោះតែម្តង[10]

  • ការសម្រេចអំពីប្រយោជន៍ផ្នែករដ្ឋប្បវេណី[11] ៖ ប្រសិនបើមានបណ្តឹងរដ្ឋប្បវេណីធ្វើឡើងក្នុង ពេលជាមួយបណ្តឹងអាជ្ញា តុលាការអាចសម្រេចអំពីផលប្រយោជន៍ផ្នែករដ្ឋប្បវេណី មានន័យថា សម្រេចឲ្យជនជាប់ចោទ ឬ អ្នកទទួលខុសត្រូវរដ្ឋប្បវេណី​ជួសជុលព្យសនកម្ម ដែលជនរងគ្រោះ បានទទួលរងពីអំពើរបស់ជនជាប់ចោទ។ ដើម្បីអាចសម្រេចអំពីផលប្រយោជន៍ផ្នែករដ្ឋប្បវេណី នេះបានតុលាការត្រូវប្រកាសថាជនជាប់ចោទមានពិរុទ្ធភាពជាមុនសិន និងត្រូវពិនិត្យថា បណ្តឹងរដ្ឋប្បវេណីផុតអាជ្ញាយុកាលដែរឬទេ[12]



[1] មាត្រា ៣៥១ កថាខណ្ឌទី១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៧

[2] មាត្រា ៣៥៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ

[3] មាត្រា ២៨៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧

[4] មាត្រា ២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧

[5] មាត្រា ៣០១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧

[6] ដំណើរការក្តីនៅក្នុងតុលាការកម្ពុជា របស់លោក កុយ នាម បោះពុម្ពឆ្នាំ១៩៩៨ ទំព័រ ១៨០

[7] នីតិវិធីព្រហ្មទណ្ឌ រៀបរៀងដោយលោក ជូន ស៊ុនឡេង ឆ្នាំ ១៩៩៩

[8] មាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៧

[9] មាត្រា ៣៥៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០០៧

[10] ប្រភេទនៃសាលក្រមព្រហ្មទណ្ឌ របស់សិស្សចៅក្រមជំនាន់៦ លាង ឈន ឆ្នាំ២០១៣-២០១៥ ទំព័រ១៣

[11] មាត្រា ៣៥៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៧

[12] មាត្រា ២៣ និងមាត្រា ២៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ




No comments:

Post a Comment