Saturday, July 25, 2020

ប្រភេទគតិយុត្តនៃអ្នកប្រព្រឹត្តបទល្មើស

ប្រភេទគតិយុត្តនៃអ្នកប្រព្រឹត្តបទល្មើស

ភាពជាក់លាក់នៃច្បាប់ព្រហ្មទណ្ឌ ​គឺការកំណត់ច្បាស់លាស់អំពីគោលការណ៍នីត្យានុកូល និងការកំណត់អំពីបុគ្គល ដែលត្រូវទទួលខុសត្រូវដើម្បីជៀសវាងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់បុគ្គល ដែលស្តែងឲ្យឃើញពីគោលការណ៍នៃការគោរពសិទ្ធិមនុស្ស។

មាត្រា ២៤ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ចែងថា ៖

“បុគ្គលម្នាក់ៗទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ។”

ការទទួលខុសត្រូវព្រហ្មទណ្ឌ គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួននូវបទល្មើស ដែលខ្លួនបានប្រព្រឹត្តដូច្នេះក៏ត្រូវទទួលទណ្ឌកម្មតាមច្បាប់ផ្ទាល់ខ្លួនផងដែរ។ នៅក្នុងបទល្មើសមួយអាចមានអ្នកចូលរួមពីបុគ្គល​ច្រើន នោះចំពោះការចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយ។ ចាំបាច់ត្រូវផ្ទៀងផ្ទាត់តួនាទីរបស់អ្នកចូលរួមឲ្យបានច្បាស់លាស់។ ក្នុងករណីនេះក្រមព្រហ្មទណ្ឌបានកំណត់ប្រភេទគតិយុត្តរបស់អ្នកចូលរួមជា បួនប្រភេទ គឺ ចារី សហចារី អ្នកផ្សំគំនិត និងអ្នកផ្តើមគំនិត។

ដូចបានបញ្ជាក់ពីខាងលើ អ្នកប្រព្រឹត្តបទល្មើសត្រូវបានបែងចែកប្រភេទគតិយុត្តជា បួន ដែលរួមមាន ៖

១ ចារី

មាត្រា ២៥ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ចែងថា ៖

ត្រូវចាត់ទុកជាចារី ចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើសដែលត្រូវបានចោទប្រកាន់។

ត្រូវចាត់ទុកជាចារីផងដែរ ចំពោះបុគ្គលណាដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ ក្នុងបទមជ្ឈិមករណី ដែលច្បាប់បានចែងចំពោះបទមជ្ឈិម។

ចារី អាចជាមនុស្សតែម្នាក់ដែលបានធ្វើសកម្មភាពឆ្លើយតបបានសព្វគ្រប់នូវបណ្តាអត្ថន័យផ្នែកសត្យានុម័តនៃបទល្មើស ដែលច្បាប់បាន បញ្ញត្តិ។

ប្រភេទគតិយុត្តជាចារី គឺសំដៅដល់បុគ្គលដែលប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់។ ចារី អាចត្រូវបានកំណត់ឈ្មោះថាបុគ្គលដែលប្រព្រឹត្តដោយផ្ទាល់ ក្នុងរូបភាពតែម្នាក់ឯងពីព្រោះថាបើប្រព្រឹត្តបទល្មើសជាក្រុម គេហៅថា សហចារី ទៅវិញ។ គុណភាពចារី​ត្រូវបានពន្លាតដល់ជនដែលប៉ុនប៉ងក្នុងប្រព្រឹត្តបទល្មើសថែមទៀតក្នុងបទឧក្រិដ្ឋ ឬ បទមជ្ឈិមករណីដែលច្បាប់ចែង។

ចារី ត្រូវបានកំណត់ថាជាបុគ្គលដែលអនុវត្តសកម្មភាពនៃការប្រព្រឹត្តបទល្មើស បើទោះបីជាការប្រព្រឹត្តបទល្មើសដោយបំណងរបស់ខ្លួន ឬ ក៏ការបញ្ជាពីអ្នកដទៃក៏ដោយ ហើយបើទោះបីជាបទល្មើសនោះបានសម្រេច ឬ មិនបានសម្រេចក៏ដោយ។

ឧទាហរណ៍ទី ១ ៖ លោក សុខ បានវាយលោក សៅ ឲ្យបែកក្បាល បន្ទាប់ពីទាស់សម្តីគ្នាក្នុងកម្មវិធីជប់លៀង។

ឧទាហរណ៍ទី ២ ៖ លោក សុខ ត្រូវបានអ្នកស្រី មីនា ជួលឲ្យសម្លាប់លោក សៅ។

តាមឧទាហរណ៍ទាំងពីរខាងលើ លោក សុខ ត្រូវកំណត់ឈ្មោះថាជាចារី ពីបទប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនា និងឃាតកម្មគិតទុកជាមុន។​​

ក្រៅពីនេះជនដែលប្រព្រឹត្តនូវអំពើដោយប្រើប្រាស់ ឬ ឆ្លៀតឱកាសប្រើប្រាស់អ្នកផ្សេងធ្វើសកម្មភាព ហើយបង្កឲ្យមាននូវបច្ច័យគ្រោះថ្នាក់ដល់សង្គមក៏ត្រូវបានចាត់ទុកជាចារីផងដែរ បើទោះបីជាមិនបានធ្វើសកម្ម ភាពដោយផ្ទាល់ក៏ដោយ។ បើពិនិត្យលើសកម្មភាពបុគ្គលដែលត្រូវបានគេប្រើប្រាស់ គឺបានប្រព្រឹត្តនូវបទល្មើស ប៉ុន្តែបើពិនិត្យលើចរិតលក្ខណៈឬ បច្ច័យនៃបទល្មើសវិញ គឺកើតឡើងដោយសារតែជនដែលបានប្រើប្រាស់ ឬ ឆ្លៀតឱកាសប្រើប្រាស់គេជាអ្នកបង្កឡើងដោយផ្ទាល់ រីឯជនដែលត្រូវគេប្រើប្រាស់ពុំមានកំហុសឡើយ។ ករណីនេះជនដែលត្រូវបានគេប្រើប្រាស់នោះគឺមិនមែនជាចារី ឬ សហចារីនោះទេ ពីព្រោះត្រូវបានគេបោកប្រាស់ ឬ ឆ្លៀតឱកាស។ ការបង្កឡើងដោយផ្ទាល់នូវបច្ច័យនៃបទល្មើសដោយវិធីប្រើប្រាស់ ឬ ឆ្លៀឱកាសប្រើប្រាស់ជនផ្សេងទៀតជាមធ្យោបាយ ឬ ឧបករណ៍ដើម្បីបង្កជាបទល្មើសអាចកើតឡើងក្នុងបណ្តាករណីខាងក្រោម

  • ការប្រើប្រាស់ជន ដែលពុំមានសមត្ថភាពយល់ដឹង ឬ បញ្ជានូវអំពើ ឬ ជនដែលពុំគ្រប់អាយុទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដើម្បីឲ្យជននោះប្រព្រឹត្តដោយផ្ទាល់ នូវអំពើសត្យានុម័តបង្កឡើងនូវបច្ច័យគ្រោះថ្នាក់ដល់សង្គម ហើយចំពោះជនដែលត្រូវគេប្រើប្រាស់ ពុំទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឡើយ។
  • ការឆ្លៀតឱកាសប្រើប្រាស់ ការភ័ន្តច្រឡំ ដោយអចេតនារបស់ជនម្នាក់ ឬ ប្រើប្រាស់ជនដែលពុំមានកំហុសដើម្បីបង្កនូវបច្ច័យនៃបទល្មើស
  • ការប្រើប្រាស់ជន ដែលស្ថិតក្នុងសភាពត្រូវគាបសង្កត់ផ្នែករូបកាយ ឬ ស្មារតី ដើម្បីបង្កនូវបច្ច័យនៃបទល្មើស។
  • ការអនុវត្តតាមបទបញ្ជា ដែលមាចរិតផ្ទុយច្បាប់របស់អ្នកក្រោមបង្គាប់ដើម្បីបង្កឡើងនូវបច្ច័យនៃបទល្មើស។ អ្នកដឹកនាំ ដែលមានចេតនាចេញនូវបទបញ្ជាផ្ទុយច្បាប់ គឺជាជនដៃដល់ ប្រសិនបើអ្នកអនុវត្តដោយផ្ទាល់នោះពុំអាចយល់បានអំពីចរិតផ្ទុយច្បាប់នៃបទបញ្ជា ឬ គេពុំត្រូវបានចាប់បង្ខំឲ្យយល់ដឹង ឬ ពុំអាចដឹងបាននោះជនអនុវត្តដោយផ្ទាល់ ពុំត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឡើយ។

២​. សហចារី

មាត្រា ២៦ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ចែងថា ៖

ត្រូវចាត់ទុកជាសហចារី កាលណាមានបុគ្គលច្រើននាក់ បានព្រមព្រៀងប្រព្រឹត្តបទល្មើសរួមគ្នាដោយផ្ទាល់។

ត្រូវចាត់ទុកជាសហចារីផងដែរ កាលណាមានបុគ្គលច្រើននាក់បានព្រមព្រៀងប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទមជ្ឈិមដោយផ្ទាល់ក្នុងករណីដែលច្បាប់បានចែងទុក។”

តាមខ្លឹមសារនៃមាត្រាខាងលើ ចំណុចកំណត់ថាជាសហចារី គឺសំដៅដល់ការប្រព្រឹត្តបទល្មើសរួមគ្នាដោយផ្ទាល់ពីបុគ្គលច្រើននាក់ បើទោះបីជាបទល្មើសនោះបានសម្រេច ឬ មិនបានសម្រេចក្រោមទម្រង់ជាការប៉ុនប៉ងក៏ដោយ។ សញ្ញាណនៃសហចារី នេះយោងទៅដល់ការចូលអន្តរាគមន៍របស់រូបវន្តបុគ្គលច្រើនរូប នៅក្នុងក្របខណ្ឌនៃការប្រព្រឹត្តបទល្មើស ដោយបុគ្គលទាំងនេះចូលអន្តរាគមន៍ ជាមួយនឹងកម្រិតនៃការទទួលខុសត្រូវដូចគ្នានៅក្នុងសកម្មភាព។សញ្ញាសម្គាល់ជាមូលដ្ឋាននៃ សហចារី គឺជនម្នាក់ក្នុងចំណោម សហចារី គ្រាន់តែបានប្រព្រឹត្តនូវចំណែកណាមួយនៃអំពើក្នុងផ្នែកសត្យានុម័តនៃបទល្មើស។

. អ្នកផ្តើមគំនិត

នៅក្នុងបទល្មើសមួយ ដែលមានមនុស្សច្រើនចូលរួមប្រព្រឹត្តដែលក្នុងនោះ មានជនចូលរួមប្រព្រឹត្តដោយផ្ទាល់ និងមានអ្នកចូលរួមដោយប្រយោល។ ជនដែលចូលរួមប្រព្រឹត្តដោយប្រយោលហៅថាអ្នកផ្តើម គំនិត ឬ ចារីបញ្ញា។

មាត្រា ២៨ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ចែងថា ៖

ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬ បទមជ្ឈិម ចំពោះបុគ្គលណាដែល ៖

១. ជំរុញឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះតាមការណែនាំ ឬ ការបញ្ជា។

២. បង្កឲ្យមានបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះដោយផ្តល់អំណោយ ដោយការសន្យា ឬ ការគំរាមកំហែង ការញុះញង់ ការលួងលោម ឬ ក៏ដោយការរំលោភអាជ្ញា ឬ អំណាចរបស់ខ្លួន។

អ្នកផ្តើមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬ បទមជ្ឈិមត្រូវបានសម្រេច ឬ ប៉ុនប៉ង។

អ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬ បទមជ្ឈិមត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។”

អ្នកផ្តើមគំនិត គឺជាជនដែលសកម្មផ្នែកខាងស្មារតី ជាអ្នករៀបចំឧបាយកល ទិសដៅ វិធីសាស្ត្រក្នុងការធ្វើសកម្មភាពប្រព្រឹត្តបទល្មើស។

តាមខ្លឹមសារនៃមាត្រាខាងលើ ការកំណត់ថាអ្នកផ្តើម គំនិត គឺពិនិត្យលើអំពើពីរយ៉ាង គឺ ៖

  • អំពើជំរុញឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ មជ្ឈិម ៖ អ្នកផ្តើមគំនិត គឺជាជនដែលនៅពីក្រោយការប្រព្រឹត្តបទល្មើស ជាអ្នកចាប់ផ្តើមឲ្យមានការប្រព្រឹត្តបទល្មើស ហើយការជំរុញធ្វើឡើងតាម រយៈការណែនាំ ឬ ការបញ្ជា។
  • អំពើបង្កឲ្យមានបទឧក្រិដ្ឋ ឬ មជ្ឈិម ៖ ការបង្កឲ្យមានបទល្មើសធ្វើឡើងតាមទម្រង់ច្រើនយ៉ាងដូចជា ការផ្តល់ជាអំណោយ ការសន្យា ការគំរាមកំហែង ការញុះញង់ ការលួងលោម និងការរំលោភអាជ្ញា ឬ អំណាច។

ក្រៅពីនេះត្រូវបានចាត់ទុកថាអ្នកផ្តើមគំនិតមានទោសលុះត្រាតែអំពើចម្បងដែលប្រព្រឹត្តដោយចារី ឬ សហចារីនោះត្រូវបានផ្តន្ទាទោសតាមច្បាប់ផងដែរ។ ម្យ៉ាងទៀតចំពោះធាតុអត្តនោម័តរបស់អ្នកផ្តើមគំនិត គឺត្រូវតែជាចេតនាទុច្ចរិតក្នុងការជម្រុញ ឬ បង្កើតឲ្យបទល្មើសកើតឡើង។

. អ្នកសមគំនិត

ការសមគំនិតត្រូវបានបញ្ញត្តិនៅក្នុងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ដែលចែងថា ៖

ត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬ មជ្ឈិម ចំពោះបុគ្គលណាដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬ ការសម្រេចបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះដោយផ្តល់ជំនួយ ឬ ការឧបត្ថម្ភរបស់ខ្លួន។

អ្នកសមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬ មជ្ឈិម ត្រូវបានសម្រេច ឬ បានប៉ុនប៉ង។

អ្នកសមគំនិតត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។”

ផ្អែកតាមខ្លឹមសារនៃមាត្រាខាងលើ ដើម្បីកំណត់អំពីលក្ខណៈរបស់អ្នកសមគំនិត គឺពិនិត្យលើលក្ខខណ្ឌ ៣ យ៉ាង គឺ ៖

  • អំពើចម្បង ៖ កំណត់នៅកថាខណ្ឌទី២ នៃមាត្រា ២៩ ដើម្បីអាចឲ្យអ្នកសមគំនិតត្រូវបានផ្តន្ទាទោសបានលុះត្រាតែ បទឧក្រិដ្ឋ ឬ បទមជ្ឈិមត្រូវបានសម្រេចផល។ ដូច្នេះការផ្តើមគំនិតឲ្យប្រព្រឹត្តអំពើដែលច្បាប់ពុំបានចាត់ទុកជាបទល្មើសពុំមានទោសនោះឡើយ។
  • ធាតុសត្យានុម័ត ៖ សំដៅដល់ធាតុសម្ភារៈ ឬ សកម្មភាពរបស់អ្នកសមគំនិត ហើយតាមខ្លឹមសារនៃមាត្រា ២៩ ធាតុសត្យានុម័តនៃអ្នកសមគំនិត គឺជាការផ្តល់ជំនួយ ឬ ការឧបត្តម្ភ ដែលជាអំពើដែលបានធ្វើការរៀបចំ និងការប្រព្រឹត្តបទល្មើសមានភាពងាយស្រួល។ ជំនួយ ឬ ការឧបត្តម្ភ រួមមានការផ្តល់មធ្យោបាយផ្សេងៗសម្រាប់ប្រព្រឹត្តបទល្មើស ការផ្តល់ជំនួយ ឬ ការឧបត្តម្ភផ្នែកស្មារតី ដូចជាការលើកទឹកចិត្តជាអាទិ៍។ ធាតុសត្យានុម័តនេះទៀតសោត ត្រូវតែកើតមុន ឬ ស្របពេលជាមួយនឹងអំពើចម្បង ប៉ុន្តែមិនមែនជាលក្ខខណ្ឌដាច់ខាតនោះទេ។
  • ធាតុអត្តនោម័ត ៖ ត្រូវកើតចេញពីចេត្តនាទុច្ចរិតរបស់អ្នកសមគំនិត ក្នុងការធ្វើឲ្យបទល្មើសកើតឡើង ព្រោះអ្នកសមគំនិតដឹងថាអំពើរបស់ចារីគឺជាបទល្មើស ហើយខ្លួននៅតែមានបំណងចង់ចូលរួមជាមួយចារីទៀត។

No comments:

Post a Comment