បណ្តឹងដិតចិត្តចៅក្រមអសនៈ
(មាត្រា ៥៥៦ ដល់មាត្រា៥៦៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧)
បណ្តឹងដិតចិត្តចៅក្រមអសនៈ គឺជានីតិវិធីមួយដែលអនុញ្ញាតឲ្យភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ អាចធ្វើការ ស្នើសុំឲ្យចៅក្រមអសនៈដកខ្លួនចេញពីសំណុំរឿងដែលខ្លូនកំពុងកាន់ ក្នុងករណីដែលរកឃើញថាចៅក្រម អសនៈនោះមានជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយភាគី។ ទំនាក់ទំនងនេះអាចនឹងនាំឲ្យប៉ះពាល់លើទំនុកចិត្ត របស់ភាគីចំពោះចៅក្រមអំពីការសម្រេចសេចក្តី ដែលនឹងជះឥទ្ធិពលដល់ការស្វែងរកយុត្តិធម៌ជូនភាគីក្នុងរឿងក្តី ព្រហ្មទណ្ឌ។ ការបកស្រាយអំពីសញ្ញាណនិងរបបគតិយុត្តិនៃការប្តឹងដិតចិត្តចៅក្រមអសនៈ និងត្រូវបានបញ្ជាក់ ដូចខាងក្រោម
។ក. មូលហេតុនៃការប្តឹងដិតចិត្តចៅក្រមអសនៈ
ចៅក្រមអសនៈ សំដៅទៅលើចៅក្រមចៅស៊ើបសួរ និងចៅក្រមជំនុំជម្រះ ដែលមានន័យថា ក្នុងរឿងក្តី ព្រហ្មទណ្ឌ ភាគីអាចធ្វើការប្តឹងដិតចិត្តចៅក្រមដោយរួមទាំងនៅក្នុងដំណាក់កាលស៊ើបសួរ និងចៅក្រមក្នុង ដំណាក់កាលជំនុំជម្រះ កាលបើមានមូលហេតុដូចមានចែងនៅក្នុងមាត្រា៥៥៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលរួម មាន ៖
កាលណាចៅក្រមឬសហព័ន្ធរបស់ចៅក្រម ឬ អតីតសហព័ន្ធរបស់ចៅក្រមជាភាគីណាមួយក្នុង រឿងក្តី
កាលណាចៅក្រមជាញាតិលោហិតរហូតដល់ថ្នាក់ទី ៦ ឬញាតិពន្ធរហូតដល់ថ្នាក់ទី ៣ ឬ អតីត ញាតិពន្ធរហូតដល់ថ្នាក់ទី ៣ របស់ភាគីណាមួយ
កាលណាចៅក្រមជាអ្នកអាណាព្យាបាលរបស់ភាគីណាមួយ
កាលណាចៅក្រមដែលទទួលបន្ទុករឿងក្តីធ្លាប់ឬកំពុងមានវិវាទនៅតុលាការជាមួយភាគីណា មួយ
កាលណាចៅក្រមបានធ្វើជាសាក្សី ឬអ្នកជំនាញក្នុងរឿងក្តី
កាលណាចៅក្រមជា ឬធ្លាប់ជាអ្នកតំណាង ឬជាអ្នកជំនួយឲ្យភាគីចំពោះរឿងក្តីឬ
កាលណាចៅក្រមបានចូលរួមក្នុងការសម្រេចសេចក្តីក្នុងនាមជាមជ្ឈត្តករចំពោះរឿងក្តី ឬ បាន ចូលរួមក្នុងការសម្រេចសេចក្តីនៅសាលាដំបូងដែលបានប្តឹងឧបាស្រ័យ ឬ ការជំនុំជម្រះនៃ បណ្តឹងឧទ្ធរណ៍ដែលបានឧបាស្រ័យ ឬ បង្ហាញមតិយោបល់ណែនាំផ្នែកច្បាប់ ចំពោះរឿងក្តី។
ចំណុចទាំងអស់ខាងលើគឺបង្ហាញអំពីមូលហេតុដែលនាំឲ្យចៅក្រមអាចត្រូវបានប្តឹងដិតចិត្ត ហើយករណី ទាំងអស់ខាងលើគឺផ្តោតជាសំខាន់ទៅលើទំនាក់ទំនងរវាងចៅក្រម និងភាគី ដែលបញ្ជាក់ថាចៅក្រមគឺជា ភាគី ឬ ជាសាច់ញាតិរបស់ភាគី ឬ ក៏ធ្លាប់មានប្រវត្តិជាប់ពាក់ព័ន្ធនឹងសំណុំរឿងកន្លងមកជាដើម។ ការកំណត់ជាមូលហេតុ ដូចបានកំណត់ក្នុងមាត្រា ៥៥៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ខាងលើសបញ្ជាក់អំពីការធានាដល់ប្រសិទ្ធភាពនៃការ ជម្រះក្តី ឬ ដំណើរការនីតិវិធីរឿងក្តីព្រហ្មទណ្ឌ។ ប៉ុន្តែមិនមែនមានន័យថាឲ្យតែមានមូលហេតុហើយនោះ នឹង បង្កើតជាសិទ្ធិដែលនាំឲ្យធ្វើបណ្តឹងដិតចិត្តនោះបានឡើយពោលគឹត្រូវពិនិត្យលើលក្ខខណ្ឌផងដែរ។
ខ. លក្ខខណ្ឌនៃបណ្តឹងដិតចិត្ត (ភាពដែលអាចទទួលយកបាននៃបណ្តឹងដិតចិត្ត)
ដូចបានបញ្ជាក់ពីខាងលើម្តងហើយថា ដើម្បីអាចប្តឹងដិតចិត្តចៅក្រមបានលុះត្រាតែមានមូលហេតុត្រឹមត្រូវ តាមច្បាប់កំណត់ ប៉ុន្តែក៏ត្រូវពិនិត្យលើលក្ខខណ្ឌមួយចំនួនថែមទៀតផងដែរ។ មានលក្ខខណ្ឌចំនួនបី ដែលត្រូវ បានចាត់ទុកថាជាលក្ខខណ្ឌដើម្បីធ្វើបណ្តឹងដិតចិត្ត។ មាត្រា ៥៥៧ និង កថខណ្ឌទី២ នៃមាត្រា៥៥៨ បានបញ្ជាក់អំពីលក្ខខណ្ឌចាំបាច់ ឬ ភាពដែលអាចទទួលយកបាននៃបណ្តឹងដិតចិត្ត។ លក្ខខណ្ឌនោះរួមមាន ៖
ត្រូវធ្វើបណ្តឹងដិតចិត្តតាំងពីពេលដែលបានដឹងពីមូលហេតុនៃការប្តឹងដិតចិត្ត ៖ មានន័យថា នៅពេលដែលភាគីនៃរឿងក្តីបានដឹងពីមូលហេតុនៃការប្តឹងដិតចិត្ត នោះត្រូវតែប្តឹងដិតចិត្ត ដោយហេតុថា ដំណើរការរឿងក្តីព្រហ្មទណ្ឌគឺបន្តរហូត ដូចនេះបើទុកពេលយូរ ឬ អូសបន្លាយ ពេលវេលានោះអាចនឹងបណ្តាលឲ្យនីតិវិធីនៃរឿងក្តីត្រូវបញ្ចប់ហើយការធ្វើប្តឹងដិតចិត្ត និងលែង មានប្រយោជន៍សម្រាប់ភាគី។ ករណីនេះមាត្រា ៥៥៧ កថាខណ្ឌទី១ ចែងថា “ ភាគីដែល ចង់ប្តឹងដិតចិត្តចៅក្រមអសនៈណាមួួយត្រូវតែជូនពាក្យប្តឹងតាំងពីខ្លួនបានដឹងពីមូលហេតុនៃការប្តឹងដិតចិត្ត បើពុំដូច្នេះនោះទេ មិនអាចទទួលបានឡើយ។
ត្រូវធ្វើនៅមុនពេលបិទការពិភាក្សាដេញដោល ៖ ចំណុចនេះមានភាពប្រហាក់ប្រហែលនឹង ករណីខាងលើដែរ មានន័យថាប្រសិនបើនីតិវិធីបានដើរដំណាក់កាលបិទការពិភាក្សាដេញ ដោលហើយនោះមានន័យថា ដំណើររឿងក្តីព្រហ្មទណ្ឌនៅសាលាដំបូងស្ទើតែចប់ទៅហើយ ពោលគឺរងចាំតែការប្រកាសសាលក្រមតែប៉ុណ្ណោះ ព្រោះវាក៏គ្មានផលប្រយោជន៍សម្រាប់ភាគី ក្នុងធ្វើបណ្តឹងដិតចិត្តដែរ ហើយបើមូលហេតុចៅក្រមជាភាគីនៃរឿងក្តីក៏ប្រធានតុលាការមិន អនុញ្ញាឲ្យចៅក្រមនោះកាន់សំណុំរឿងរបស់ខ្លួននោះដែរ។ ដូចនេះហើយទើបមាត្រា ៥៥៧ កថាខណ្ឌទី២ចែងថា “ក្នុងករណីណាក៏ដោយ ពាក្យប្តឹងដិតចិត្តចៅក្រមមិនអាចធ្វើបានឡើយ នៅក្រោយពេលបិតការពិភាក្សាដេញដោល។”
ពាក្យប្តឹងដិិិតចិត្តត្រូវមានបញ្ជាក់មូលហេតុ និងភស្តុតាងច្បាស់លាស់ ៖ ជាលក្ខខណ្ឌចាំបាច់ ណាស់សម្រាប់ភាគីដែលបានធ្វើពាក្យប្តឹងដិតចិត្ត មានន័យថាមិនមែនមានត្រឹមតែមូលហេតុ ដោយគ្រាន់តែលើកឡើងដោយគ្មានភស្តុតាងបញ្ជាក់នោះអាចទទួលពាក្យប្តឹងដិតចិត្តបានឡើយ ដូចនេះក្រៅពីរៀបចំពាក្យប្តឹងតាមទម្រង់ត្រឹមត្រូវ ដោយមានមូលហេតុតាមច្បាប់កំណត់ហើយ គឺត្រូវបញ្ជាក់បន្ថែមដោយភស្តុតាងថែមទៀត ព្រោះវាពាក់ព័ន្ធនឹងវិជ្ជាជីវៈ និងការអនុវត្តការងារ របស់ចៅក្រម។ បន្ថែមពីនេះមាត្រា ៥៦១ កថាខណ្ឌទី ៣នៃក្រមនីតិវិធីព្រហ្មទណ្ឌក៏បាន បញ្ជាក់ផងដែរថាអ្នកប្តឹងដិតចិត្តអាចប្រឈមនឹងការពិន័យជាប្រាក់ និងប្រាក់សំណងជម្ងឺចិត្ត ប្រសិនបើពាក្យប្តឹងនោះមិនត្រូវបានទទួលយក។ ករណីនេះភាគី ត្រូវរៀបចំពាក្យប្តឹង និង ភស្តុតាងឲ្យបានច្បាស់លាស់ និងត្រឹមត្រូវបើមិនចង់ឲ្យពាក្យប្តឹងនោះនឹងមិនត្រូវបានទទួលយក ទេនោះ។ ដូចនេះហើយទើបមាត្រា ៥៥៨ កថាខណ្ឌទី២ ចែងថា “ពាក្យប្តឹងត្រូវតែចង្អុលបង្ហាញ ឲ្យបានច្បាស់លាស់អំពីមូលហេតុនៃការប្តឹងដិតចិត្ត ហើយត្រូវមានភស្តុតាងបញ្ជាក់ច្បាស់លាស់ បើពុំដូច្នេះទេពាក្យប្តឹងពុំអាចទទួលយកបានឡើយ។
ជារួមមមក ចំណុចទាំងបីខាងលើ បញ្ជាក់ពីភាពដែលអាចទទួលយកបាននៃពាក្យប្តឹងដិតចិត្ត ឬ ក៏ជា លក្ខខណ្ឌដើម្បីកំណត់អំពីការដាក់ពាក្យប្តឹងដិតចិត្តផងដែរ។ ក្រៅពីនេះ ពាក្យប្តឹងដិតចិត្តត្រូវជូនទៅស្ថាប័នដែល មានសមត្ថកិច្ចផងដែរ។
គ. ភាគី និងអ្នកទទួលពាក្យប្តឹងដិតចិត្ត
ភាគីដែលអាចធ្វើបណ្តឹងដិតចិត្តបានរួមមាន ព្រះរាជអាជ្ញា ជនល្មើស និងជនរងគ្រោះ និងដើមបណ្តឹង រដ្ឋប្បវេណី។ បន្ថែមពីនេះពាក្យប្តឹងដិតចិត្តត្រូវដាក់ជូន ៖
ប្រធានសាលាឧទ្ធរណ៍ កាលណាពាក្យប្តឹងដិតចិត្តនោះទាក់ទងដល់ប្រធាន ឬ ចៅក្រមសាលា ដំបូង
ប្រធានតុលាការកំពូល កាលណាពាក្យប្តឹងដិតចិត្តនោះទាក់ទងដល់ចៅក្រមនៃតុលាការកំពូល ដល់ប្រធានសាលាឧទ្ធរណ៍ ឬ ចៅក្រមណានៃសាលាឧទ្ធរណ៍។ ពាក្យប្តឹងដិតចិត្តក៏អាចធ្វើបាន ចំពោះប្រធានតុលាការកំពូលផងដែរ ហើយប្រធានតុលាការកំពូលត្រូវសម្រេចដោយខ្លួនផ្ទាល់ តាមសម្បជញ្ញៈថាតើត្រូវ ឬ មិនត្រូវដកខ្លួនពីការជំនុំជម្រះ។
ឃ. នីតិវិធីដិតចិត្ត
ការធ្វើបណ្តឹងដិតចិត្ត ត្រូវអនុវត្តតាមនីតិវិធីជាធរមាន ពោលគឺមានទម្រង់ និងបែបបទនៃត្រូវអនុវត្ត។ នៅក្នុង ក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់នូវបែបបទនីតិវិធីនៃការធ្វើបណ្តឹងដិតចិត្តដែលត្រូវចាប់ផ្តើមដោយពាក្យប្តឹង រហូតដល់ការចេញសេចក្តីសម្រេច។
ឃ.១ ពាក្យប្តឹងដិតចិត្ត
ពាក្យប្តឹងដិតចិត្ត ត្រូវរៀបចំដោយភាគីដែលមានសិទ្ធិ ហើយត្រូវដាក់ទៅស្ថាប័នដែលមានសមត្ថកិច្ចទទួល ពាក្យប្តឹងដិតចិត្ត ដែលរួមមានប្រធាសាលាឧទ្ធរណ៍ ឬ ប្រធានតុលាការកំពូល។ ពាក្យប្តឹងដិតចិត្តត្រូវសរសេរជា លាយលក្ខណ៍អក្សរ ដោយមានបញ្ជាក់នូវមូលហេតុនៃការប្តឹងដិតចិត្តដូចមានចែងនៅក្នុងមាត្រា ៥៥៦ នៃក្រម នីតិវិធីព្រហ្មទណ្ឌ។ បន្ថែមពីនេះមូលហេតុក៏តូ្រវមានបញ្ជាក់នូវភស្តុតាងច្បាស់លាស់ផងដែរ។ ក្រមនីតិវិធីព្រហ្ម ទណ្ឌមិនបានកំណត់អំពីពេលវេលានៃការដាក់ពាក្យប្តឹងនោះទេ ប៉ុន្តែពាក្យប្តឹងត្រូវធ្វើតាំងពីពេលដែលបានដឹង មូលហេតុនៃការប្តឹងដិតចិត្ត ហើយពាក្យប្តឹងមិនអាចដាក់នៅក្រោយបិទការពិភាក្សាដេញដោលបានឡើយ ទៅបីក្នុងករណីណាក័ដោយ។
ឃ.២ ការជូនដំណឹង និងការធ្វើរបាយការណ៍
ការជូនដំណឹងត្រូវធ្វើឡើងប្រធានសាលាឧទ្ធរណ៍ ឬ ប្រធានតុលាការកំពូល ទៅកាន់ចៅក្រមដែលត្រូវបាន ប្តឹងដិតចិត្តបន្ទាប់ពីទទួលបានពាក្យប្តឹង។ ក្នុងករណីនេះចៅក្រមដែលត្រូវបានប្តឹងដិតចិត្តត្រូវដកខ្លួនចេញក្នុងការ ស៊ើបសួរ ឬ ជំនុំជម្រះ។ ការដកខ្លួននេះមានន័យថាជាការដកខ្លួនបណ្តោះអាសន្ន ព្រោះមិនទាន់មានសេចក្តី សម្រេចនៅ ឡើយនោះទេ ហើយក៏មិនទាន់ជំនួសដោយចៅក្រមផ្សេងដែរលើកលែងករណីបន្ទាន់។
ក្នុងរយៈពេល ៨ ថ្ងៃបន្ទាប់ពីការជូនដំណឹងនេះ ចៅក្រមពាក់ព័ន្ធត្រូវប្រាប់ឲ្យដឹងនៅក្នុងរបាយការណ៍របស់ ខ្លួនដោយមានសំអាងហេតុថា ខ្លួនយល់ព្រម ឬ ជំទាស់នឹងការប្តឹងដិតចិត្តនេះ ដែលត្រូវបញ្ជូនទៅប្រធានសាលា ឧទ្ធរណ៍ ឬ ប្រធានតុលាការកំពូល។ ក្នុងករណីនេះ ប្រសិនបើចៅក្រមដែលត្រូវបានប្តឹងដិតចិត្តយល់ព្រមចំពោះ ពាក្យប្តឹងនោះសាមីខ្លួនត្រូវបានចៅក្រមផ្សេងជំនួសភ្លាម ប៉ុន្តែផ្ទុយមកវិញប្រសិនបើជំទាស់នឹងការដិតចិត្តនោះត្រូវ រងចាំសេចក្តីរបស់ប្រធានសាលាឧទ្ធរណ៍ ឬ ប្រធានតុលាការកំពូល ដោយការពិនិត្យលើមូលកភាពនៃការពាក្យ ប្តឹងនេះ។
ឃ. ៣ ការពិនិត្យ និងការសម្រេចសេចក្តី
បន្ទាប់ពីទទួលបានរបាយការណ៍ពីចៅក្រមពាក់ព័ន្ធនឹងពាក្យប្តឹងដិតចិត្ត ប្រធានសាលាឧទ្ធរណ៍ ឬ ប្រធាន តុលាការកំពូលនឹងធ្វើការពិនិត្យលើពាក្យប្តឹង និងរបាយការណ៍ ដោយមិនចំាបាច់ស្តាប់ភាគី ឬ ចៅក្រមពាក់ព័ន្ធ នោះទេ។
បន្ទាប់ពីការពិនិត្យរួចហើយ សេចក្តីសម្រេចនឹងចេញតាមរយៈដីកាសម្រេចដែលមិនអាចប្តឹងតវ៉ាបាន។ បើដីកាសម្រេចទទួលយកបណ្តឹងដិតចិត្តនោះត្រូវធ្វើការចាត់តាំងចៅក្រមថ្មីជំនួសចៅក្រមដែលពាក់ព័ន្ធ ប៉ុន្តែបើ សម្រេចថាមិនទទួលយកនោះ អ្នកប្តឹងដិតចិត្តអាចត្រូវទទួលពិន័យមិនលើសពី ២ សែនរៀល ដោយមិនទាន់គិត ដល់សំណងជំងឺចិត្ត ដែលអាចត្រូវផ្តល់ឲ្យចៅក្រមដែលត្រូវគេប្តឹងដិតចិត្តនោះទេ។
ង. អនុភាព
នៅពេលដែលបណ្តឹងដិតចិត្តត្រូវដាក់រហូតដល់ចេញសេចក្តីសម្រេចនោះបង្កើតអនុភាពមួយចំនួនដូចខាង ក្រោម ៖
ការដកខ្លួនពីការស៊ើបសួរ ឬ ការជំនុំជម្រះ ៖ នៅពេលដែលពាក្យប្តឹងដិតចិត្តត្រូវបានដាក់ នោះចៅក្រមពាក់ព័ន្ធត្រូវដកខ្លួនចេញការស៊ើបសួរ ឬ ការជំនុំជម្រះ មានន័យថាត្រូវបញ្ឈប់ការ បំពេញភារកិច្ចរបស់ខ្លួនរហូតដល់មានការសម្រេចសេចក្តីលើពាក្យប្តឹងដិតចិត្ត។
ចាត់តាំងចៅក្រមថ្មីជំនួស ៖ ចំនុចនេះមានបីករណីដែលនាំឲ្យមានការចាត់តាំងចៅក្រមថ្មីជំនួស ចៅក្រមពាក់ព័ន្ធ ៖
នៅពេលដាក់ពាក្យប្តឹងដិតចិត្ត ៖ ចៅក្រមថ្មីអាចត្រូវបានជំនួសក្នុងករណីបន្ទាន់ ដូចជាមានការបារម្ភលើប្រសិទ្ធភាពនៃដំណើរការរឿងក្តីជាដើម នោះប្រធានតុលាការ ត្រូវចាត់តាំងចៅក្រមថ្មីជំនួស
នៅពេលដែលចៅក្រមពាក់ព័ន្ធយល់ព្រមតាមការប្តឹងដិតចិត្ត ៖ បន្ទាប់ពីទទួលបាន ដំណឹងអំពីការប្តឹងដិតចិត្ត ហើយបើយល់ព្រមចំពោះការប្តឹងនោះសាមីខ្លួនត្រូវបាន ជំនួសដោយចៅក្រមថ្មីភ្លាម
នៅពេលដែលការប្តឹងដិតចិត្តត្រូវបានទទួលយក ៖ បន្ទាប់ពីទទួលបានរបាយការណ៍ និងពិនិត្យលើពាក្យប្តឹងដិតចិត្ត ហើយប្រសិនបើបណ្តឹងនោះត្រូវបានទទួលយក នោះត្រូវធ្វើការចាត់តាំងចៅក្រមថ្មីជំនួសចៅក្រមពាក់ព័ន្ធ។
ភាពមិនប្រតិសកម្មចំពោះកិច្ចដែលបំពេញហើយ ៖ បើទោះបីជាមានបណ្តឹងដិតចិត្តក៏ដោយ ហើយដែលអាចនឹងនាំឲ្យមានការដកខ្លួនក៏ពិតមែន តែចំពោះកិច្ចដែលបានបំពេញរួចហើយគឺ នៅតែមានសុពលភាពដដែល ពោលគឺមិនត្រូវប៉ះពាល់ដោយពាក្យប្តឹងដិតចិត្តនោះឡើយ។
ការដកខ្លួនពីសំណុំរឿងទាំងស្រុង ៖ ប្រសិនបើពាក្យប្តឹងដិតចិត្តត្រូវបានសម្រេចថាទទួលយក នោះចៅក្រមដែលត្រូវប្តឹងដិតចិត្ត នឹងត្រូវសម្រេចឲ្យដកខ្លួនជាស្ថាពរពីសំណុំរឿងតែម្តង ហើយនឹងត្រូវជំនួសដោយចៅក្រមថ្មី។
ការពិន័យ និងសំណងជំងឺចិត្ត ៖ ប្រសិនបើពាក្យប្តឹងដិតចិត្តសម្រេចថាមិនទទួលយកនោះ អ្នកប្តឹងដិតចិត្តនឹងត្រូវទទួលរងពិន័យមិនលើសពី ២ សែនរៀល រួមជាមួយនឹងសំណងជំងឺចិត្ត បើមានការទាមទារពីចៅក្រមដែលត្រូវប្តឹងដិតចិត្ត។
No comments:
Post a Comment