យោងតាមប្រកាសលេខ ២៥៨ ស្តីពីការទទួលស្គាល់តំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬ ឯកសារនាំចេញ នាំចូល នៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៧ ដែលមានគោលដៅ កំណត់នូវលក្ខខណ្ឌតម្រូវការទទួលខុសត្រូវ និងនីតិវិធីក្នុងការទទួលស្គាល់រូបវន្តបុគ្គល និងនីតិបុគ្គលជាអ្នកតំណាងស្របច្បាប់ របស់ម្ចាស់សហគ្រាស ក្រុមហ៊ុន សម្រាប់ស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬ ឯកសារទាក់ទងនឹងការនាំចេញ-នាំចូល នៅក្រសួងពាណិជ្ជកម្ម។
តាមរយៈប្រកាសនេះផងដែរ បុគ្គលដែលអាចស្នើសុំចុះបញ្ជីពាណិជ្ជកម្ម រួមមាន អ្នកតំណាងស្របច្បាប់ ឬ ម្ចាស់សហគ្រាស ក្រុមហ៊ុន ឬ រូបវន្តបុគ្គលដែលមានបំណងបង្កើតក្រុមហ៊ុនដោយខ្លួនឯង។
ដើម្បីអាចក្លាយជាអ្នកតំណាងស្រប់ច្បាប់ក្នុងការចុះបញ្ជីពាណិជ្ជកម្មជារូបវន្តបុគ្គល ឬ នីតិបុគ្គល ដែលបានទទួលសិទ្ធិពីម្ចាស់សហគ្រាស-ក្រុមហ៊ុនដើម្បីបំពេញបែបបទ និងផ្ដល់ឯកសារតម្រូវនានានៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។
ក. អ្នកតំណាងស្របច្បាប់ជារូបវន្តបុគ្គល
ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
- រូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ មានអាយុចាប់ពី១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ
- បានបញ្ចប់មធ្យមសិក្សាទុតិយភូមិ ឬ មានសញ្ញាបត្រសមមូលឡើងទៅ
- មានចំណេះដឹង និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកកុំព្យួទ័រ និងភាសា អង់គ្លេស
- ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម និងប្រឡងជាប់ជាស្ថាពរ
- មានលិខិតថ្កោតទោស ដែលចេញដោយស្ថាប័នមានសមត្ថកិច្ច
- ត្រូវមានប្រាក់តម្កល់ចំនួន ៤០០០០០០ (បូនលាន) រៀល នៅគណនីធនាគារណាមួយសម្រាប់ធានាដល់ការបង់កម្រៃសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។ ប្រាក់តម្កល់នេះ ត្រូវរក្សាទុករហូតដល់រូបវន្តបុគ្គលបាត់សិទ្ធិ។
ខ. អ្នកតំណាងស្រប់ច្បាប់ជានីតិបុគ្គល
ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖
- ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
- ត្រូវមានប័ណ្ណពន្ធប៉ាតង់ ក្នុងឆ្នាំស្នើសុំចុះឈ្មោះជាអ្នកតំណាង នៅក្រសួងពាណិជ្ជកម្ម
- ត្រូវមានអ្នកតំណាងស្របច្បាប់ជារូបវន្តបុគ្គលយ៉ាងតិច ០១ (មួយ) រូប ដែលមានប័ណ្ណសម្គាល់ជាអ្នកតំណាងស្រប់ច្បាប់ដែលនៅមានសុពលភាព
- មិនមានជាប់បណ្ដឹងនៅតុលាការ។
រូបវន្តបុគ្គល ដែលបានបំពេញលក្ខខណ្ឌខាងលើ អាចមកទទួលប័ណ្ណសម្គាល់ពីក្រសួងពាណិជ្ជកម្មដែលមានសុពលភាព ២ ឆ្នាំ និងអាចបន្តសុពលភាព ២ ឆ្នាំ ម្តង តាមការស្នើសុំរបស់អ្នកតំណាងស្របច្បាប់យ៉ាងតិច ៣០ ថ្ងៃមុនពេលអស់សុពលភាព។
គ. សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកតំណាងស្របច្បាប់
- អ្នកតំណាងស្របច្បាប់ ១ រូប ឬ ១ ក្រុមហ៊ុន អាចធ្វើជាអ្នកតំណាងឲ្យសហគ្រាស ក្រុមហ៊ុនបានត្រឹមចំនួន ៥ សហគ្រាស ក្រុមហ៊ុនប៉ុណ្ណោះ។ ក្នុងករណីចាំបាច់អាចតំណាងបានច្រើនជាង ៥ ប៉ុន្តែត្រូវដាក់ពាក្យសុំការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
- អ្នកតំណាងស្រប់ច្បាប់ របស់ម្ចាស់សហគ្រាស-ក្រុមហ៊ុន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវពត៌មាន និងឯកសារដែលបានប្រកាស។ ក្នុងករណីរកឃើញថា ពត៌មាន ឬ ឯកសារដែលបានផ្ដល់ព័ត៌មានការក្លែងបន្លំ ឬ មិនពិត ឬ បង្កកឯកសារមិនផ្ដល់ជូនសហគ្រាស-ក្រុមហ៊ុន ដែលបានប្រគល់សិទ្ធិ ដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន ឬ បក្ខពូកខ្លួន អ្នកតំណាងស្របច្បាប់នោះនឹងត្រូវបានដកហូតសិទ្ធិជាអ្នកតំណាងស្រប់ច្បាប់ និងទទួលទោសប្បញ្ញត្តិដូចមានចែងក្នុងច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មព្រមទាំងប្បញ្ញត្តិច្បាប់ជាធរមានផ្សេងទៀត។
ឃ. ការបាត់បង់សមាជិកភាពអ្នកតំណាង
អ្នកតំណាងស្របច្បាប់ត្រូវបាត់បង់សិទ្ធិក្នុងការធ្វើជាអ្នកតំណាងក្នុងករណីណា មួយដូចខាងក្រោម ៖
- មិនបានស្នើសុំបន្តសុពលភាពនៃប័ណ្ណសម្គាល់តាមកាលកំណត់
- ស្នើសុំលាលែងជាលាយលក្ខណ៍អក្សរ
- មិនបានបំពេញការបណ្តុះបណ្តាលបន្ថែមតាមការរៀបចំដោយក្រសួងពាណិជ្ជកម្ម
- មិនបានអនុវត្តត្រឹមត្រូវតាមប្រកាសជាធរមានរបស់ក្រសួងពាណិជ្ជកម្ម និងប្បញ្ញត្តិច្បាប់នានារបស់ព្រះរាជាណាចក្រកម្ពុជា
- មានលិខិតបញ្ជាក់ពីការអសមត្ថភាពផ្នែកសតិស្មារតី ដែលមិនអាចបំពេញមុខងាររបស់ខ្លួនបាន។
No comments:
Post a Comment