Thursday, December 5, 2019

នីតិវិធី និងបែបទនៃការធ្វើអធិការកិច្ចសំណង់

នីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់

   អនុលោមតាមប្រកាសអន្តរក្រសួងលេខ ១១៨ ប្រក. ដ.ន.ស. កយ ស្តីពីនីតិវីធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ការធ្វើអធិការកិច្ចសំណង់ សំដៅដល់ការតាមដាន ស្រាវជ្រាវ និងត្រួតពិនិត្យការអភិវឌ្ឍអចលនវត្ថុ ដើម្បីចាត់វិធានការដាក់ទណ្ឌកម្មលើបុគ្គលប្រព្រឹត្តអំពើល្មើសនឹងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្ម និងសំណង់។ អ្នកដែលមានសិទ្ធិធ្វើអធិការកិច្ចសំណង់គឺមានតែមន្ត្រីអធិការកិច្ចសំណង់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាវិស្វករ ឬ ស្ថាបត្យករនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទទួលបានការតែងតាំង និងប្រគល់បេសកកម្មឲ្យចុះធ្វើអធិការកិច្ច សំណង់។
   ក. អាជ្ញាធរមានសមត្ថកិច្ច ក្នុងការសម្រេចធ្វើអធីការកិច្ចសំណង់
   - រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការអភិវឌ្ឍអចលនវត្ថុ គ្រប់ប្រភេទ និងទំហំ និងជាអ្នកចេញលិខិតបញ្ជាបេសកកម្មចុះធ្វើអធីការកិច្ចសំណង់ ជូនមន្ត្រីអធិការកិច្ចសំណង់ថ្នាក់ជាតិ
   - អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ចំពោះការអភិវឌ្ឍន៍អចលនវត្ថុដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្ត និងជាអ្នកចេញលិខិតបញ្ជាបេសកកម្មចុះធ្វើអធិការកិច្ចសំណង់ជូនមន្ត្រីអធិការកិច្ចសំណង់ថ្នាក់រាជធានីខេត្ត តាមសំណើរបស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីខេត្ត។
   - អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំពោះការអភិវឌ្ឍអភិវឌ្ឍអចលនវត្ថុដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងជាអ្នកចេញលិខិតបញ្ជាបេសកកម្មចុះធ្វើអធិការកិច្ចសំណង់ ជូនមន្ត្រីអធិការកិច្ចសំណង់ថ្នាក់ក្រុង ស្រុក ខណ្ឌ តាមសំណើររបស់ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ។
   ខ. លក្ខខណ្ឌក្នុងការចុះធ្វើអធិការកិច្ចសំណង់
    មន្ត្រីអធិការកិច្ចសំណង់អាចចុះធ្វើអធិការកិច្ចសំណង់បានលុះត្រាតែ ៖
   - មានលិខិតបញ្ជាបេសកកម្មពីអាជ្ញាធរមានសិទ្ធិសម្រេចធ្វើអធិការកិច្ចសំណង់ 
   - អាចចូលបំពេញការងារនៅក្នុងទីតាំងណាមួយបាន លុះត្រាតែមានការយល់ព្រមពីម្ចាស់ទីតាំង
   - អាចចូលបំពេញការងារនៅក្នុងការដ្ឋានសំណង់បានលុះត្រាតែ ការដ្ឋានសំណង់កំពុងដំណើរការ
   -  អាចចូលបំពេញការងារនៅក្នុងអាគារឬសំណង់ដែលបើកចំហរដល់សាធារណៈជនតែនៅក្នុងម៉ោងធ្វើការនៅទីតាំងនោះ។
   - អាចចូលបំពេញការងារនៅក្នុងទីតាំងអចលនវត្ថុឯកជន នៅក្រោយម៉ោង ៦ ព្រឹក និងមុនម៉ោង ១៨ ល្ងាច។ ករណីក្រៅពីនេះត្រូវមានការអនុញ្ញាតពីព្រះរាជអាជ្ញា។
   - ស្លៀកពាក់ឯកសណ្ឋាន និងមានសញ្ញាសម្គាល់មន្ត្រីអធិការកិច្ចសំណង់។
   គ. ភារកិច្ចរបស់មន្ត្រីអធិការកិច្ចសំណង់ពេលចុះបេសកកម្ម
   - ត្រួតពិនិត្យ និងអង្កេតអំពីអនុលោមភាពនៃការអភិវឌ្ឍដី និង/ឬការងារសាងសង់ ឬរុះរើសំណង់តាមលិខិតអនុញ្ញាត បទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តជាធរមាន
  - ត្រួតពិនិត្យការប្រកបអាជីវកម្មរបស់រូបវន្តបុគ្គល ឬ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងស់ និងក្រុមជាងសំណង់
   - ត្រួតពិនិត្យសុវត្ថិភាពការងារនៅខាងក្នុង និងជុំវិញបរិវេណការដ្ឋានសំណង់
   - ត្រួតពិនិត្យឯកសារពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍដី និង/ឬគម្រោងសាងសង់ឬរុះរើសំណង់ ដូចជាឯកសារបញ្ជាក់កម្មសិទ្ធិ ឬ ការកាន់កាប់ដី លិខិតអនុញ្ញាតអភិវឌ្ឍដី និង/ឬ លិខិតអនុញ្ញាតសាងសង់ឬ រុះរើ គម្រោងប្លង់ស្ថាបត្យកម្ម លិខិតអនុញ្ញាតបើកឬបិទការដ្ឋានសាងសង់ គម្រោងប្លង់គ្រឿងបង្គុំសំណង់ និងឯកសារបច្ចេកទេសពាក់ព័ន្ធ កិច្ចសន្យាហ៊ុំព័ទ្ធការដ្ឋាន និងកិច្ចសន្យាម៉ៅការសាងសង់។
   - ស្នើសុំឲ្យម្ចាស់សំណង់ ឬ អ្នកអភិវឌ្ឍន៍អចលនវត្ថុផ្តល់ព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ជាងជំនាញ និង/ឬក្រុមជាងសំណង់ ដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍដីនឹង/ឬគម្រោងសាងសង់/ឬរុះរើ
   - ណែនាំឲ្យម្ចាស់សំណង់ឬ អ្នកអភិវឌ្ឍអចលនវត្ថុ ធ្វើការកែតម្រូវតាមលិខិតអនុញ្ញាតអភិវឌ្ឍអចលនវត្ថុ
   - ណែនាំអ្នកគ្រប់គ្រងការដ្ឋានឲ្យចាត់វិធានការបន្ទាន់ដើម្បីបញ្ចៀសគ្រោះថ្នាក់ ឬ ការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈជាយថាហេតុនៅខាងក្នុង និងជុំវិញបរិវេណការដ្ឋានសំណង់
   - ណែនាំរូបវន្តបុគ្គល ឬ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និង/ឬក្រុមហ៊ុនសាងសង់ និង/ឬ ក្រុមជាងសំណង់អំពីបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងការអភិវឌ្ឍអចលនវត្ថុ
   - ធ្វើកំណត់ហេតុនៃការចុះធ្វើអធិការកិច្ចសំណង់ និងរបាយការណ៍ស្តីពីលទ្ធផលនៃការចុះអធិការកិច្ចសំណង់
   - ប្រតិបត្តិការផ្សេងទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រគល់ជូន
  - មិនត្រូវបង្កឲ្យមានការប៉ះពាល់ ឬ រាំងស្ទះដល់ដំណើរការអភីវឌ្ឍន​ ឬ សាងសង់ ឬ រុះរើ ដែលអនុលោមតាមលិខិតអនុញ្ញាត បទប្បញ្ញត្តិបច្ចេកទេស និងបទដ្ឋានគតិយុត្តជាធរមាន
   - មិនត្រូវផ្សព្វផ្សាយជាសាធារណៈអំពីព័ត៌មានដែលពាក់ព័ន្ធនឹងបច្ចេកទេសសាងសង់ និងកិច្ចសន្យាម៉ៅការសាងសង់។
   ឃ. ការចាត់វិធាការលើបុគ្គលដែលប្រព្រឹត្តអំពើល្មើស
   អាជ្ញាធរមានសមត្ថកិច្ច ត្រូវសម្រេចចាត់វិធានការ និង/ឬដាក់ទណ្ឌកម្មចំពោះបុគ្គលប្រព្រឹត្តអំពើល្មើសដោយផ្អែកលើកំណត់ហេតុនៃការចុះធ្វើអធិការកិច្ចសំណង់ និងរបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើអធិការកិច្ចសំណង់ក្នុងរយៈពេលយ៉ាងយូរ ១៥ ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើរបាយការណ៍នោះ។ ក្នុងករណីបុគ្គលមិនអនុវត្តវិធានការ និង/ឬដាក់ទណ្ឌកម្មដែលអាជ្ញាធរមានសមត្ថកិច្ចបានតម្រូវអាជ្ញាធរមានសមត្ថកិច្ច ត្រូវរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីស្នើសុំចាត់វិធានការអនុវត្តដោយបង្ខំ។
   បុគ្គលដែលមិនសុខចិត្តចំពោះការចាត់វិធានការ និង/ឬការដាក់ទ​ណ្ឌកម្មរបស់អាជ្ញាធរមានសមត្ថកិច្ចធ្វើអធិការកិច្ចសំណង់ អាចប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរនោះក្នុងរយៈពេល ១៥ ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានសេចក្តីសម្រេច ឬ បានទទួលដំណឹងអំពីសេចក្តីសម្រេចចាត់វិធានការ និង/ឬដាក់ទណ្ឌកម្ម។ អាជ្ញាធរមានសមត្ថកិច្ចធ្វើអធិការកិច្ចសំណង់ត្រូវធ្វើការសម្រេចលើបណ្តឹងតវ៉ាក្នុងរយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃទទួលពាក្យបណ្តឹងតវ៉ា។
   ង. សិទ្ធិ និងករណីកិច្ចរបស់បុគ្គលដែលត្រូវបានធ្វើអធិការកិច្ចសំណង់
    ១. ករណីកិច្ច
    - ផ្តល់កិច្ចសហការប្រកបដោយសុចន្ទៈក្នុងការធ្វើអធិការកិច្ចសំណង់
   - អនុញ្ញាតឲ្យមន្ត្រីអធិការកិច្ចសំណង់ចូលត្រួតពិនិត្យគ្រប់ទីកន្លែងទាំងអស់នៅក្នុងការ ដ្ឋាន
   - មិនរារាំង ហាមឃាត់ ឬ បង្កការលំបាកដល់ការធ្វើអធិការកិច្ចសំណង់
  - មានវត្តមាននៅក្នុងពេលប្រតិបត្តិការអធិការកិច្ចសំណង់តាមសំណើររបស់មន្ត្រីអធិការកិច្ចសំណង់
 - ផ្តល់ព័ត៌មានទូទៅពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍអចលនវត្ថុតាមសំណើរបស់មន្ត្រីអធិការកិច្ចសំណង់ ជាអាទិ៍អំពីគ្រប់ភាគីពាក់ព័ន្ធនឹងការអនុវត្តគម្រោង
   -  ឆ្លើយបំភ្លឺ ពន្យល់ ផ្តល់ព័ត៌មាន និងឯកសារ ឬ ផ្តល់សេចក្តីអះអាងពាក់ព័ន្ធនឹងការគោរព និងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការអភិវឌ្ឍអចលនវត្ថុរបស់ខ្លួនប្រកបដោយសីលធម៌ សុចរិតភាព និងការទទួលខុសត្រូវ
   - ចាត់វិធានការសមស្របដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់មន្ត្រីអធិការកិច្ចសំណង់ ក្នុងការបំពេញការងារអធិការកិច្ចនៅក្នុងទីតាំងគម្រោង ឬ ការដ្ឋានសាងសង់ ឬ សំណង់របស់ខ្លួន
   - ផ្តល់នូវសំណាកនៃសម្ភារៈ បរិក្ខារ ផលិតផលសំណង់ ឧបករណ៍ ឬ គ្រឿងចក្រផ្សេងទៀត ដែលជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការធ្វើវិភាគផ្ទៀងផ្ទាត់។
   ២. សិទ្ធិ
   - ស្នើសុំមន្ត្រីអធិការកិច្ចសំណង់បង្ហាញលិខិតបញ្ជាបេសកកម្ម
   - ស្នើសុំមន្ត្រីអធិការកិច្ចសំណង់ កត់ត្រារាល់ការឆ្លើយតប ឬ សេចក្តីអះអាងរបស់ខ្លួននៅក្នុងកំណត់ហេតុនៃការធ្វើអធីការកិច្ចសំណង់
   - ទទួលបានច្បាប់ចម្លងនៃកំណត់ហេតុអធីការកិច្ចសំណង់។
​ 













No comments:

Post a Comment