ការទទួលបានសញ្ជាតិខ្មែរតាមសញ្ជាតូបនីយកម្ម
សញ្ជាតិខ្មែរ សំដៅដល់ចំណងគតិយុត្ត និងនយោបាយដែលភ្ជាប់រូបវន្តបុគ្គលទៅនឹង ព្រះរាជាណាចក្រកម្ពុជា (មាត្រា ៤ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨)។
ច្បាប់សញ្ជាតិ ត្រូវបានបង្កើតឡើងដោយមានគោលបំណងធានាការអនុវត្តដែនយុត្តាធិការរបស់ព្រះរាជាណាចក្រកម្ពុជាទៅលើរូបវន្តបុគ្គល ដើម្បីកំណត់នូវសិទ្ធិទទួលបាននិងសិទ្ធិលះបង់សញ្ជាតិខ្មែរចំពោះជន ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬ នៅបរទេស និងដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់នេះ។
ច្បាប់នេះមានគោលដៅកំណត់អំពី (មាត្រា ២ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨) ៖
- ការទទួលបានសញ្ជាតិខ្មែរពីកំណើត
- ការទទួលបានសញ្ជាតិខ្មែរដោយការសុំកូនពេញលេញ
- ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍
- ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មការបាត់សញ្ជាតិខ្មែរ។
ជាគោលការណ៍ ជនណាមានសញ្ជាតិខ្មែរជាប្រជាពលរដ្ឋខ្មែរ។ មានតែប្រជាពលរដ្ឋខ្មែរទេ ទើបមានសិទ្ធិទទួលនិងកាន់កាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនិងលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក(មាត្រា ១ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨)។
ក្រៅពីការទទួលបានសញ្ជាតិខ្មែរពីកំណើត និងតាមរយៈការរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរ ជនបរទេសអាចទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម (ការសុំសញ្ជាតិខ្មែរ)។
ក.លក្ខខណ្ឌនៃការទទួលសញ្ជាតូបនីយកម្ម
ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបាន ដោយសញ្ជាតូបនីយកម្ម។ សញ្ជាតូបនីយកម្មមិនមែនជាសិទ្ធិរបស់អ្នកស្នើសុំឡើយ គឺជាការអនុគ្រោះរបស់ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ ទោះក្នុងប្រការណាក៏ដោយ ពាក្យសុំនោះអាចត្រូវបដិសេធចោលតាមអំណាចឆន្ទានុសិទ្ធិ (មាត្រា ១៨ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨)។
ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ (មាត្រា ១៩ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨) ៖
- មានគំនិត មារយាទ និងសីលធម៌ល្អ។
- ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ។
- មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន ៧ (ប្រាំពីរ)ឆ្នាំ ដោយ បានទទួលបណ្ណស្នាក់នៅដែលចេញឱ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេសអន្តោប្រវេសន្ត។
- មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង មានបណ្ណស្នាក់នៅដែលចេញឱ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេស ដែលបានកំណត់នៅក្នុងមាត្រា២១ និងមាត្រា២២ នៃច្បាប់នេះ ។
- ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្រ្តខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថាខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់និងប្រពៃណ៏ល្អរបស់ខ្មែរ។
- មានបញ្ញា និងកាយសម្បទាដែលមិននាំឱ្យមានគ្រោះថ្នាក់ ឬនាំឱ្យមានបន្ទុកដល់ជាតិ។
ចំពោះជនបរទេសអន្តោប្រវេសន្តណា ដែលកើតក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល ស្នាក់នៅជាប់ ចំនួន ៧ (ប្រាំពីរ)ឆ្នាំ ដូចមានចែងក្នុងចំណុចទី៣ មាត្រា១៩ នៃច្បាប់នេះ ត្រូវបន្ថយមកនៅ ៣(បី)ឆ្នាំវិញ (មាត្រា២០ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨)។
ជនបរទេសណា ដែលបានទទួលការអនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវតាមច្បាប់ពីស្ថាប័នមានសមត្ថកិច្ចហើយបានចំណាយទុនអនុវត្តគម្រោងវិនិយោគជាក់ស្តែង នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបានក្នុងករណីជនបរទេសនោះបានបំពេញលក្ខខណ្ឌ ដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ ទី៥ និងទី៦ មាត្រា១៩ នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាង ហោចរយៈពេល ១២ (ដប់ពីរ) ខែ ពេញលេញ ក្នុងព្រះរាជាណាចក្រ កម្ពុជា។ ចំនួនទឹកប្រាក់ វិស័យអាទិភាព និងប្រភេទគម្រោងវិនិយោគ ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ត្រូវកំណត់ដោយអនុក្រឹត្យ (មាត្រា ២១ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨) ។
ជនបរទេសណា ដែលបានធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬ វិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យ សុំចូលសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ និងទី៦ មាត្រា ១៩ នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ៦ (ប្រាំមួយ)ខែ ពេញលេញក្នុងព្រះរាជា ណាចក្រកម្ពុជា ។ ចំនួនទឹកប្រាក់អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ ឬវិស័យមនុស្សធម៌ត្រូវកំណត់ដោយអនុក្រឹត្យ ។
ជនបរទេសដែលបានបង្ហាញនូវភស្តុតាងថា ខ្លួនបានផ្តល់គុណសម្បត្តិពិសេស ឬ ថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា និងបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាចស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបាន ក្នុងករណីដែលជននោះបានបំពេញដូចចុងក្នុងចំណុចទី១ ទី២ ទី៤ និងទី៦ មាត្រា១៩ នៃច្បាប់នេះ (មាត្រា ២២ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨)។
ខ. បែបបទនិងនីតិវិធីនៃការសុំសញ្ជាតូបនីយកម្ម
ជនបរទេស ដែលសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មតាមលក្ខខណ្ឌកំណត់ក្នុងមាត្រា ១៩ មាត្រា២០ និងមាត្រា២១ នៃច្បាប់ស្ដីពីសញ្ជាតិ ត្រូវដាក់ពាក្យសុំ និងបំពេញបែបបទដូចខាងក្រោម (មាត្រា ១៧ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨) ៖
- ពាក្យសុំចូលសញ្ជាតិចំនួន២ (ពីរ) ច្បាប់
- ជីវប្រវត្តិសង្ខេបរបស់កូនចំនួន២ (ពីរ) ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម គុណ ៦ស.ម
- រូបថតត្រូវថតថ្មីចំពីមុខគ្មានពាក់មួក និងគ្មានពាក់វ៉ែនតា ទំហំ៤ស.មគុណ៦ស.ម ចំនួន១០ (ដប់) សន្លឹក
- ច្បាប់ថតចម្លងបណ្ណស្នាក់នៅ ចេញដោយសមត្ថកិច្ចអន្តោប្រវេសន៍ចំនួន២ (ពីរ) ច្បាប់
- បណ្ណការងារ ឬឯកសារបញ្ជាក់មុខរបរចំពោះជនបរទេសអន្តោប្រវេសន៍ ដែលបានកំណត់នៅក្នុងចំណុចទី៣ មាត្រា១៩ និងមាត្រា២០ នៃច្បាប់ស្ដីពីសញ្ជាតិចំនួន២ (ពីរ) ច្បាប់ ឬ ឯកសារពាក់ព័ន្ធនឹងការវិនិយោគចំពោះជនបរទេសដែលបានកំណត់នៅក្នុងចំណុចទី៤ មាត្រា១៩ និងមាត្រា២១ នៃច្បាប់ស្ដីពីរសញ្ជាតិចំនួន២ (ពីរ) ច្បាប់
- លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ ចៅសង្កាត់នៃទីលំនៅរបស់សាមីខ្លួនចំនួន២ (ពីរ) ច្បាប់
- សេចក្ដីចម្លងសំបុត្រកំណើត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួនជនបរទេសចំនួន២ (ពីរ) ច្បាប់
- ឯកសារបញ្ជាក់ការស្នាក់នៅជាប់ ឬ ពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជាដូចបានកំណត់ក្នុងមាត្រា១៩ មាត្រា២០ និងមាត្រា២១ នៃច្បាប់ស្ដីពីសញ្ជាតិចំនួន២ (ពីរ) ច្បាប់
- ច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការរបស់សាមីខ្លួនដែលនៅមានសុពលភាពចំនួន២ (ពីរ) ច្បាប់
- លិខិតបញ្ជាក់គំនិតមាយាទ និងលីលធម៌ចេញដោយមេឃុំ ចៅសង្កាត់នៃទីលំនៅរបស់សាមីខ្លួនចំនួន២ (ពីរ) ច្បាប់
- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសសាមីខ្លួនចំនួន១ (មួយ) ច្បាប់
- លិខិតបញ្ជាក់សុខភាពរបស់កូនចេញដោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋនៃព្រះរាជា ណាចក្រកម្ពុជាចំនួន២ (ពីរ) ច្បាប់។
ជនបរទេសដែលធ្វើអំណោយជាសាច់ប្រាក់ដល់ថវិការជាតិ ឬ វិស័យមនុស្សធម៌អាចសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម និងត្រូវបំពេញបែបបទដូចខាងក្រោម (មាត្រា ១៨ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨) ៖
- ពាក្យសុំចូលសញ្ជាតិចំនួន២ (ពីរ) ច្បាប់
- ជីវប្រវត្តិសង្ខេបរបស់កូនចំនួន២ (ពីរ) ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម គុណ ៦ស.ម់
- រូបថតត្រូវថតថ្មីចំពីមុខគ្មានពាក់មួក និងគ្មានពាក់វ៉ែនតាទំហំ៤ស.មគុណ៦ស.ម ចំនួន១០ (ដប់) សន្លឹក
- លិខិតបញ្ជាក់អំពីអំណោយជាសាច់ប្រាក់ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាចំនួន១ (មួយ) ច្បាប់
- សេចក្ដីចម្លងសំបុត្រកំណើតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួនជនបរទេសចំនួន២ (ពីរ) ច្បាប់
- ឯកសារបញ្ជាក់ការស្នាក់នៅជាប់ ឬពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជាដូចបានកំណត់ក្នុង មាត្រា២២ នៃច្បាប់ស្ដីពីសញ្ជាតិចំនួន២ (ពីរ) ច្បាប់
- ច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការរបស់សាមីខ្លួនដែលនៅមានសុពលភាពចំនួន២ (ពីរ) ច្បាប់
- លិខិតបញ្ជាក់គំនិតមាយាទ និងលីលធម៌ចេញដោយមេឃុំ ចៅសង្កាត់នៃទីលំនៅរបស់សាមីខ្លួនចំនួន២ (ពីរ) ច្បាប់
- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសសាមីខ្លួនចំនួន១ (មួយ) ច្បាប់
- លិខិតបញ្ជាក់សុខភាពរបស់កូនចេញដោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋនៃព្រះរាជា ណាចក្រកម្ពុជាចំនួន២ (ពីរ) ច្បាប់។
ជនបរទេសដែលមានគុណសម្បត្តិពិសេស ឬ ថ្វីដៃពិសេស អាចសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម និងត្រូវបំពេញបែបបទដូចខាងក្រោម (មាត្រា ១៩ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨) ៖
- ពាក្យសុំចូលសញ្ជាតិចំនួន២ (ពីរ) ច្បាប់
- ជីវប្រវត្តិសង្ខេបរបស់កូនចំនួន២ (ពីរ) ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម គុណ ៦ស.ម
- រូបថតត្រូវថតថ្មីចំពីមុខគ្មានពាក់មួក និងគ្មានពាក់វ៉ែនតា ទំហំ៤ស.មគុណ៦ស.ម ចំនួន១០ (ដប់) សន្លឹក
- លិខិតទទួលស្គាល់របស់រាជរដ្ឋាភិបាលកម្ពុជាអំពីគុណសម្បត្តិពិសេស ឬថ្វីដៃពិសេសចំនួន១ (មួយ) ច្បាប់
- សេចក្ដីចម្លងសំបុត្រកំណើតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួនជនបរទេសចំនួន២ (ពីរ) ច្បាប់
- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសសាមីខ្លួនចំនួន១ (មួយ) ច្បាប់
- ច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការរបស់សាមីខ្លួនដែលនៅមានសុពលភាពចំនួន២ (ពីរ) ច្បាប់
- លិខិតបញ្ជាក់សុខភាពរបស់កូនចេញដោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋនៃព្រះរាជា ណាចក្រកម្ពុជាចំនួន២ (ពីរ) ច្បាប់។
ជនបរទេសដែលមានសហព័ទ្ធមានបំណងស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារ។ សហព័ទ្ធរបស់ជនបរទេសនោះ ត្រូវបំពេញបែបបទទៅតាមករណីនីមួយៗ ដូចខាងក្រោម (មាត្រា ២០ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨) ៖
១. ចំពោះសហព័ទ្ធរបស់ជនបរទេសដែលសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម តាមលក្ខខណ្ឌកំនត់ក្នុងមាត្រា១៩ មាត្រា២០ នងិមាត្រា២១ នៃច្បាប់ស្ដីពីសញ្ជាតិ ត្រូវដាក់ពាក្យសុំ និងបំពេញបែបបទដូចបានកំណត់ក្នុងមាត្រា១៧ នៃអនុក្រឹត្យនេះ លើកលែងតែចំណុចទី៥ ហើយត្រូវភ្ជាប់ជាមួយនូវសេចក្ដី ចម្លងសំបុត្រអាពាហ៍ពិពាហ៍ចំនួន២ (ពីរ) ច្បាប់។
២. ចំពោះសហព័ទ្ធរបស់ជនបរទេស ដែលធ្វើអំណោយជាសាច់ប្រាក់ដល់ថវិការជាតិ ឬ វិស័យមនុស្សធម៌ ត្រូវបំពេញបែបបទដូចបានកំណត់ក្នុងមាត្រា១៨ នៃអនុក្រឹត្យនេះ លើកលែងតែចំណុចទី៤ ហើយត្រូវភ្ជាប់ជាមួយនូវសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ចំនួន២ (ពីរ) ច្បាប់។
៣. ចំពោះសហព័ទ្ធរបស់ជនបរទេស ដែលមានគុណសម្បត្តិពិសេស ឬ ថ្វីដៃពិសេសត្រូវបំពេញបែបបទដូចបានកំណត់ក្នុងមាត្រា១៩ នៃអនុក្រឹត្យនេះ លើកលែងតែចំណុចទី៤ ហើយត្រូវភ្ជាប់ជាមួយនូវសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ចំនួន២ (ពីរ) ច្បាប់។
ជនបរទេសដែលមានកូនជាអនីតិជនមានបំណងស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូប នីយកម្ម អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារ។ ក្នុងករណីនេះ ឪពុក ឬ ម្ដាយត្រូវបំពេញបែបបទបន្ថែមសម្រាប់កូនដូចខាងក្រោម (មាត្រា ២១ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨) ៖
- ពាក្យទាមទារសញ្ជាតិខ្មែរចំនួន២ (ពីរ) ច្បាប់
- ជីវប្រវត្តិសង្ខេបរបស់កូនចំនួន២ (ពីរ) ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម គុណ ៦ស.ម់
- រូបថតត្រូវថតថ្មីចំពីមុខគ្មានពាក់មួក និងគ្មានពាក់វ៉ែនតា ទំហំ៤ស.មគុណ៦ស.ម ចំនួន១០ (ដប់) សន្លឹក
- សេចក្ដីចម្លងសំបុត្រកំណើតរបស់កូនចំនួន២ (ពីរ) ច្បាប់
- ច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការរបស់កូន ដែលនៅមានសុពលភាពចំនួន២ (ពីរ) ច្បាប់
- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃបា្រទេសរបស់កូនចំនួន១ (មួយ) ច្បាប់ ប្រសិនបើកូននោះមានអាយុចាប់ពី១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ
- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាចំនួន១ (មួយ) ច្បាប់ ប្រសិនបើកូននោះមានអាយុចាប់ពី១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ហើយបានចូលមករស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
- លិខិតបញ្ជាក់សុខភាពរបស់កូនចេញដោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋនៃព្រះរាជា ណាចក្រកម្ពុជាចំនួន២ (ពីរ) ច្បាប់។
ជនបរទេសណា ដែលបានទទួលការអនុញ្ញាតឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ពីស្ថាប័នមានសមត្ថកិច្ច ស្របតាមគោលនយោបាយអទិភាពរបស់រាជរដ្ឋាភិបាល អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបានតាមមាត្រា២១ នៃច្បាប់ស្ដីពីសញ្ជាតិ លុះត្រាតែ ជនបរទេសនោះបាន (មាត្រា ២៨ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨) ៖
១. ចំណាយទុនផ្ទាល់ខ្លួនអនុវត្តគម្រោងវិនិយោគជាក់ស្ដែង នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ចាប់ពី ៤ ០០០ ០០០ ០០០ (បួនប៊ីលាន) រៀលឡើងទៅ។
២.វិនិយោគស្ថិតនៅក្នុងវិស័យអាទិភាពដូចមានកំណត់ក្នុងឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យនេះ។
៣. អនុវត្តប្រភេទគម្រោងវិនិយោគដូចមានកំណត់កក្នុងឧបសម្ព័ន្ធទី២នៃអនុក្រឹត្យ នេះ។
៤.បំពេញលក្ខខណ្ឌផ្សេងទៀត ដូចជាកាតព្វកិច្ចសារពើពន្ធ និងផែនការវិនិយោគ។
ជនបរទេសណា ដែលបានធ្វើអំណៅយជាសាច់ប្រាក់ផ្ទាល់ខ្លួនដល់ថវិការជាតិសម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬ វិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យស្នើសុំចូលសញ្ចាតិខ្មែរដោយសញ្ជាតូបនីយកម្មបានតាមមាត្រា២២ នៃច្បាប់ស្ដីពីសញ្ចាតិ ក្នុងករណីដែលជននោះបានធ្វើអំណោយជាសាច់ប្រាក់ចំនួនចាប់ពី ១២ ០០០ ០០០ ០០០ (ដប់ពីរប៊ីលាន) រៀលឡើងទៅ (មាត្រា ៣០ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨)។
គ. ទម្រង់ និងនីតិវិធីនៃការទទួល និងការពិនិត្យសំណុំបែបបទនៃការសុំចូលសញ្ចតិខ្មែរដោយសញ្ជាតូបនីយកម្ម
ការទទួលពាក្យសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវអនុវត្តតាមម៉ោង និងថ្ងៃធ្វើការងារ។ មន្រ្តីមានសមត្ថកិច្ចត្រូវទទួលពិនិត្យ និងលើកយោបល់ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេចលើសំណុំឯកសារសុំចូល សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។ ករណីពិនិត្យឃើញថា សំណុំឯកសារសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម មិនបានបំពេញតាម លក្ខខណ្ឌកំណត់ មន្ត្រីមានសមត្ថកិច្ចត្រូវណែនាំឱ្យអ្នកដាក់ពាក្យសុំបំពេញឯកសារបន្ថែម ក្នុងរយៈពេលដូចបាន កំណត់នៅក្នុងកថាខ័ណ្ឌទី២ មាត្រា២៧នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ (ប្រការ១២ នៃប្រកាសលេខ០៤៣ ឆ្នាំ២០១៩)។
មន្រ្តីមានសមត្ថកិច្ចត្រូវពិនិត្យរលឺពាក្យស្នើសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មរបស់ជនបរទេស ដែលបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងមាត្រា១៩ និងមាត្រា២០ នៃច្បាប់ស្តីពីសញ្ជាតិ និងបានបំពេញ បែបបទដូចមានចែងក្នុងមាត្រា១៧ មាត្រា២០ និងមាត្រា២១ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ដែល ក្នុងនោះ សំណុំបែបបទមួយចំនួនត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម (ប្រការ១៣ នៃប្រកាសលេខ០៤៣ ឆ្នាំ ២០១៩) ៖
- លិខិតថ្កោលទោសរបស់សាមីខ្លួន ត្រូវមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬជាភាសាអង់គ្លេស
- សេចក្តីចម្លងសំបុត្រកំណើត និង/ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតរបស់សាមីខ្លួន ត្រូវមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬជា ភាសាអង់គ្លេស ចំពោះអ្នកដាក់ពាក្យសុំដែលបានកើត និងចុះបញ្ជីកំណើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានសំបុត្រកំណើតចេញដោយមន្ត្រីអត្រានុកូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា។
- មន្រ្តីមានសមត្ថកិច្ចត្រូវពិនិត្យលើពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មរបស់ជនបរទេស ដែលបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងមាត្រា២១ នៃច្បាប់ស្តីពីសញ្ជាតិ និងបានបំពេញបែបបទដូចមាន ចែងក្នុងមាត្រា១៧ មាត្រា២០ និងមាត្រា២១ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ដែលក្នុងនោះ សំណុំ បែបបទមួយចំនួនត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម (ប្រការ១៤ នៃប្រកាសលេខ០៤៣ ឆ្នាំ២០១៩) ៖
- លិខិតថ្កោលទោសរបស់សាមីខ្លួន ត្រូវមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬជាភាសាអង់គ្លេស
- សេចក្តីចម្លងសំបុត្រកំណើត និង/ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតរបស់សាមីខ្លួនត្រូវមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬជា ភាសាអង់គ្លេស។
ចំពោះឯកសារពាក់ព័ន្ធនឹងលក្ខខណ្ឌវិនិយោគដែលបានចែងក្នុងមាត្រា២៨ និងមាត្រា២៩ នៃអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ មន្ត្រីមានសមត្ថកិច្ចត្រូវពិនិត្យលើសំណុំបែបបទភ្ជាប់បន្ថែមដូចខាងក្រោម ៖
- លិខិតអនុញ្ញាតឱ្យវិនិយោគចេញដោយស្ថាប័នមានសមត្ថកិច្ច
- លក្ខន្តិកៈក្រុមហ៊ុន ដែលបានកំណត់ទុនវិនិយោគផ្ទាល់របស់អ្នកដាក់ពាក្យសុំត្រូវមានទំហំទឹកប្រាក់ចាប់ពី ៤.០០០.០០០.០០០ (បួនប៊ីលាន)រៀលឡើងទៅ
- ប័ណ្ណប៉ាតង់របស់ក្រុមហ៊ុន
- លិខិតបញ្ជាក់ពីធនាគារនូវចំនួនទឹកប្រាក់តម្កល់របស់អ្នកដាក់ពាក្យសុំ។
មន្ត្រីមានសមត្ថកិច្ចត្រូវពិនិត្យលើពាក្យស្នើសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មរបស់ជនបរទេស ដែលបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងមាត្រា២២ នៃច្បាប់ស្តីពីសញ្ជាតិ និងបានបំពេញបែបបទដូចមានចែង ក្នុងមាត្រា៣០ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ដែលក្នុងនោះ សំណុំបែបបទមួឲ្យចំនួនត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម (ប្រការ១៥ នៃប្រកាសលេខ០៤៣ ឆ្នាំ២០១៩) ៖
- លិខិតថ្កោលទោសរបស់សាមីខ្លួន ត្រូវមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬជាភាសាអង់គ្លេស
- សេចក្តីចម្លងសំបុត្រកំណើត និង/ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតរបស់សាមីខ្លួនត្រូវមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬជា ភាសាអង់គ្លេស
- ចំពោះឯកសារពាក់ព័ន្ធនឹងអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌ ដែលបានចែង ក្នុងមាត្រា៣០ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ត្រូវមានលិខិតបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
មន្រ្តីមានសមត្ថកិច្ចត្រូវពិនិត្យលើពាក្យស្នើសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មរបស់ជនបរទេស ដែលបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងមាត្រា២៣ នៃច្បាប់ស្តីពីសញ្ជាតិ និងបានបំពេញបែបបទដូចមាន ចែងក្នុងមាត្រា១៩ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ដែលក្នុងនោះ សំណុំបែបបទមួយចំនួនត្រូវអនុវត្ត តាមលក្ខខណ្ឌដូចខាងក្រោម (ប្រការ១៦ នៃប្រកាសលេខ០៤៣ ឆ្នាំ២០១៩)៖
- លិខិតថ្កោលទោសរបស់សាមីខ្លួនត្រូវមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬជាភាសាអង់គ្លេស
- សេចក្តីចម្លងសំបុត្រកំណើត និង/ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតរបស់សាមីខ្លួន ត្រូវមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬជា ភាសាអង់គ្លេស
- ចំពោះឯកសារពាក់ព័ន្ធនឹងគុណសម្បត្តិពិសេសឬថ្វីដៃពិសេស ដែលបានចែងក្នុងមាត្រា១៩ នៃ
អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ត្រូវមានលិខិតបញ្ជាក់ទទួលស្គាល់គុណសម្បត្តិពិសេសឬ ថ្វីដៃពិសេសពីរាជរដ្ឋាភិបាលកម្ពុជា។
សហព័ទ្ធ ឬ កូនជាអនីតិជន អាចសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារបាន ដូច មានចែងក្នុងមាត្រា២៤នៃច្បាប់ស្តីពីសញ្ជាតិ។ ពាក្យស្នើសុំចូលសញ្ជាតិខ្មែរជាចង្កោមគ្រួសាររបស់សហព័ទ្ធ ឬ កូន ត្រូវដាក់មកជាមួយនឹងសំណុំបែបបទ នៃអ្នកដាក់ពាក្យសុំដែលត្រូវជាប្តី ឬជាប្រពន្ធ ឬជាឪពុក ឬជាម្តាយរបស់ខ្លួន។ មន្ត្រីមានសមត្ថកិច្ចត្រូវពិនិត្យលើ ពាក្យស្នើសុំចូលសញ្ជាតិខ្មែររបស់ជនបរទេសជាសហព័ទ្ធ ឬជាកូន ដូចនឹងការពិនិត្យសំណុំបែបទីរបស់អ្នកដាក់ពាក្យសុំដែលត្រូវជាប្តី ឬជាប្រពន្ធ ឬជាឪពុក ឬជាម្តាយដែរ។ សហព័ទ្ធដែលដាក់ពាក្យសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវបំពេញបែបបទដូចមានចែង ក្នុងមាត្រា២០ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ដែលក្នុងនោះសំណុំបែបបទមួយចំនួនត្រូវអនុវត្តតាម លក្ខខណ្ឌដូចខាងក្រោម (ប្រការ១៧ នៃប្រកាសលេខ០៤៣ ឆ្នាំ២០១៩) ៖
- លិខិតថ្កោលទោសរបស់សាមីខ្លួនត្រូវមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬជាភាសាអង់គ្លេស
- សេចក្តីចម្លងសំបុត្រកំណើត និង/ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតរបស់សាមីខ្លួនត្រូវមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬជាភាសាអង់គ្លេស សំបុត្រអាពាហ៍ពិពាហ៍របស់សាមីខ្លួន ត្រូវមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬភាសាអង់គ្លេស ។
ជនបរទេសជាឪពុក ឬ ម្តាយ ដែលមានកូនជាអនីតិជនអាចសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារបាន ដោយបំពេញបែបបទដូចមានចែងក្នុងមាត្រា២១ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ដែលក្នុងនោះសំណុំបែបបទមួយចំនួន ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
-សេចក្តីចម្លងសំបុត្រកំណើត និង/ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតរបស់សាមីខ្លួន ត្រូវមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសសាមី និងត្រូវបកប្រែជាភាសាខ្មែរ ឬជាភាសាអង់គ្លេស
-ចំពោះកូនដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ត្រូវមានលិខិតថ្កោលទោសដោយមានការបញ្ជាក់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីខ្លួន និងត្រូវបកប្រែជាភាសាខ្មែរ ឬ ភាសាអង់គ្លេស។
បន្ទាប់ពីបានបំពេញបែបបទត្រឹមត្រូវតាមប្រការ១៣ ប្រការ១៤ និងប្រការ១៧នៃប្រកាសនេះរួចហើយ មន្រ្តីមានសមត្ថកិច្ចត្រូវកោះអញ្ជើញអ្នកដាក់ពាក្យសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មមកប្រឡង ដែល រៀបចំដោយគណៈកម្មការវាយតម្លៃរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ការប្រឡងត្រូវធ្វើឡើងដោយការសម្ភាសន៍ ដើម្បីពិនិត្យលក្ខណសម្បត្តិ កាយសម្បទា កិរិយាមារយាទ បញ្ញាស្មារតី ការនិយាយ ស្តាប់ភាសាខ្មែរ ការចេះអាន សរសេរអក្សរខ្មែរ និងការយល់ដឹងនូវប្រវត្តិសាស្រ្តខ្មែរខ្លះៗ និងការពិនិត្យលើភស្តុតាងដែលបញ្ជាក់ថា សាមីខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុមរមទាំងទទួល បាននូវទំនៀមទម្លាប់ប្រពៃណ៏ល្អរបស់ ខ្មែរ។ ក្នុងករណីចាំបាច់ គណៈកម្មការវាយតម្លៃអាចចាត់មន្ត្រីរបស់ខ្លួនឱ្យចុះអង្កេតអំពីស្ថានភាពនៃជីវភាព រស់នៅ ឬការប្រកបអាជីវកម្ម ឬទីតាំងវិនិយោគជាក់ស្តែង ឬសមិទ្ធផលនានារបស់អ្នកដាក់ពាក្យសុំ។ ករណីពិនិត្យឃើញថា អ្នកដាក់ពាក្យសុំមិនបានឆ្លើយតបតាមលក្ខខណ្ឌខាងលើនៃប្រការនេះ គណៈកម្មការ ប្រឡងត្រូវរាយការណ៍សុំការសម្រេចពន្យារពេលយ៉ាងតិច៣(បី)ខែ ពីអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ហើយការប្រឡងនឹងត្រូវធ្វើឡើងវិញរហូតដល់សាមីខ្លួនអ្នកដាក់ពាក្យសុំបំពេញបានតាមលក្ខខណ្ឌខាងលើ។ គណៈកម្មការត្រូវជូនដំណឹងទៅអ្នកដាក់ពាក្យសុំអំពីមូលហេតុនៃការពន្យារពេល ក្នុងរយៈពេល១០ (ដប់)ថ្ងៃ នៃថ្ងៃធ្វើការងារ បន្ទាប់ពីទទួលបានការឯកភាពពីអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ប្រការ១៨ៃប្រកាសលេខ០៤៣ ឆ្នាំ២០១៩)។
ចំពោះសំណើសុំចូលសញ្ជាតិខ្មែរណាមួយដែលពិនិត្យឃើញថាមានភាពមិនប្រក្រតី អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មត្រូវលើកយោបល់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច។ បន្ទាប់ពីការសម្រេចរបស់រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវជូនដំណឹងដល់ សាមីអ្នកដាក់ពាក្យសុំក្នុងរយៈពេល៥(ប្រាំ)ថ្ងៃ នៃថ្ងៃធ្វើការងារ(ប្រការ១៩ នៃប្រកាសលេខ០៤៣ ឆ្នាំ២០១៩) ។
គំរូពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម និងគំរូឯកសារភ្ជាប់មកជាមួយនឹងពាក្យស្នើសុំ មានកំណត់នៅក្នុងឧបសម្ព័ន្ធទី២ នៃប្រកាសនេះ។ គំរូឯកសារដែលមានលក្ខណៈដូចគ្នាសម្រាប់ភ្ជាប់មកជាមួយនឹងពាក្យស្នើសុំចូលសញ្ជាតិខ្មែរ ដោយ សញ្ជាតូបនីយកម្ម មានកំណត់នៅក្នុងឧបសម្ព័ន្ធទី៤ នៃប្រកាសនេះ។ចំពោះគំរូឯកសារផ្សេងទៀត ដែលត្រូវភ្ជាប់នឹងពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ដែលមិនមានកំណត់នៅក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ ត្រូវអនុវត្តតាមការកំណត់ដោយអង្គភាព ឬស្ថាប័នដែលមាន សមត្ថកិច្ចក្នុងការចេញឯកសារនោះ ។
ឃ. អំពីសេវាសាធារណៈ
យោងតាមប្រកាសអន្តរក្រសួងលេខ ១៤៤១៤ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ការផ្តល់សេវាទាក់ទងនឹងការសុំចូលសញ្ជាតិគឺជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅនាយកដ្ឋានកិច្ចការសញ្ជាតិ។ តាមប្រកាសខាងលើនេះ សេវាសាធារណក្នុងការសុំសញ្ជាតិខ្មែរគឺ ៖
-តម្លៃសេវា ៖ ២០០០០០០ (ពីរលានរៀល)
-រយៈពេលអតិបរមាសម្រាប់ការផ្តល់សេវា (ថ្ងៃធ្វើការ) ៖ មិនកំណត់
-សុពលភាព ៖ អចិន្ត្រយ៍
ឯកសារយោង ៖
១. ច្បាប់ស្តីពិសញ្ជាតិ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨
២. អនុក្រឹត្យលេខ១១២ អនក្រ.បកស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨
៣. ប្រកាសលេខ ០៤៣ ស្តីពីទម្រង់ និងនីតិវិធីនៃការទទួល និងការពិនិត្យលើសំណុំបែបបទនៃការសុំទាមទារសញ្ជាតិខ្មែរ ការសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម និងការសុំលះបងសញ្ជាតិខ្មែរ និងទម្រង់ និងនីតិវិធីនៃការប្តឹងតវ៉ាចំពោះការបដិសេធលើការសុំទាមទារសញ្ជាតិខ្មែរ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩
៤.ប្រកាសអន្តរក្រសួងលេខ ១៤៤១៤ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦
ឯកសារយោង ៖
១. ច្បាប់ស្តីពិសញ្ជាតិ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨
២. អនុក្រឹត្យលេខ១១២ អនក្រ.បកស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨
៣. ប្រកាសលេខ ០៤៣ ស្តីពីទម្រង់ និងនីតិវិធីនៃការទទួល និងការពិនិត្យលើសំណុំបែបបទនៃការសុំទាមទារសញ្ជាតិខ្មែរ ការសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម និងការសុំលះបងសញ្ជាតិខ្មែរ និងទម្រង់ និងនីតិវិធីនៃការប្តឹងតវ៉ាចំពោះការបដិសេធលើការសុំទាមទារសញ្ជាតិខ្មែរ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩
៤.ប្រកាសអន្តរក្រសួងលេខ ១៤៤១៤ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦
No comments:
Post a Comment