Tuesday, December 3, 2019

សិទ្ធិរបស់ជនជាប់ចោទ

សិទ្ធិរបស់ជនជាប់ចោទ


“មនុស្សគ្រប់រួបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗគ្នា ដោយគ្មានការរើសអើង” នេះគឺជាការបញ្ជាក់នៅក្នុងមាត្រា ៧ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ១០ ធ្នូ ១៩៤៨។ ទន្ទឹម នឹងនេះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ក៏បានចែងផងដែរថា “ព្រះរាជា ណាចក្រកម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។” បទដ្ឋានទាំងពីរនេះបានសរបញ្ជាក់ឲ្យ ឃើញអំពីឬសគល់ ឬ មូលដ្ឋាននៃសិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់ និងការពារដោយច្បាប់។ ដោយឡែកចំពោះជនជាប់ចោទ បើទោះបីជាបុគ្គលដែលស្ពាយនូវកំហុសដែលបានចោទប្រកាន់ ក៏មិនមែន មានន័យថា បុគ្គលនេះត្រូវបានបាត់បង់សិទ្ធិដែលច្បាប់ប្រគល់ឲ្យ និងការពារនោះដែរ។ មានន័យថា ជនជាប់ចោទ នៅតែទទួលបានសិទ្ធិជាធម្មតាដូចមនុស្សផ្សេងទូទៅ គ្រាន់តែសិទ្ធិមួយចំនួន របស់គាត់ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារត្រូវប្រឈមមុខជាមួយនឹងការចោទប្រកាន់អំពី បទល្មើសព្រហ្មទណ្ឌ។ មិនតែប៉ុណ្ណោះ ច្បាប់ក៏ បានបញ្ញត្តិបន្ថែមដើម្បីធានាដល់សិទ្ធិរបស់ជនជាប់ចោទ ដើម្បីធ្វើយ៉ាងណាឲ្យការជំនុំជម្រះប្រកបដោយយុត្តិធម៌ និងគោរពសិទ្ធិរបស់ជនជាប់ចោទជាដាច់ ខាត។ សិទ្ធិរបស់ជនជាប់ចោទ គឺជាសិទ្ធិការពារខ្លួននៅពេលដែលមាន ការចោទប្រកាន់នៅក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌ។ ដោយហេតុហេតុពាក្យ “ជនជាប់ ចោទ” នេះត្រូវបានយកមកប្រើប្រាស់នៅក្នុងច្បាប់ព្រហ្មទណ្ឌ។ នៅក្នុងក្របខណ្ឌនៃការពិនិត្យឲ្យឃើញសិទ្ធិរបស់ជនជាប់ចោទដែលត្រូវបានបញ្ញត្តិ និងការពារដោយច្បាប់នោះគឺផ្តើមចេញពីសំណួរដែលត្រូវលើកឡើងថា តើសិទ្ធិរបស់ជនជាប់ ចោទមានអ្វីខ្លះ? ជាការឆ្លើយតបទៅនឹងសំណួរខាងលើនេះនៅក្នុងកិច្ចការស្រាវ ជ្រាវនេះនឹងធ្វើការបង្ហាញអំពីទម្រង់ នៃសិទ្ធិរបស់ជនជាប់ចោទដែលមានចែងនៅក្នុងច្បាប់ជាតិ ក៏ដូចជាច្បាប់អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងផ្តល់សច្ចាប័ន។

   ១. សិទ្ធិស្មើគ្នាចំពោះមុខតុលាការ និងសាលាជម្រះក្តី 
 រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កាលពីឆ្នាំ១៩៩២។ កតិកាសញ្ញានេះការពាសិទ្ធិសំខាន់ៗជាច្រើន។ ក្នុងចំណោមសិទ្ធិទាំងនោះ គឺមានសិទ្ធិស្មើគ្នាចំពោះមុខតុលាការ និងសាលាជម្រះក្តី និងសិទ្ធិទទួលបានសវនាការប្រកបដោយយុត្តិធម៌ ។ សិទ្ធិស្មើភាពគ្នាចំពោះមុខតុលាការ និងសាលាជម្រះក្តី និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ គឺជាធាតុផ្សំដ៏សំខាន់មួយ នៃការការពារសិទ្ធិមនុស្ស និងប្រើជាមធ្យោបាយតាមនីតិវិធី ដើម្បីធានាការពារដល់នីតិរដ្ឋ។ ដោយមិនគិតពីលក្ខណៈចរិតនៃនីតិវិធីនៅចំពោះមុខអង្គជំនុំជម្រះទាំងនេះឡើយ។ បុគ្គល គ្រប់រូបទទួលបានសវនាការជាសាធារណៈ និងយុត្តិធម៌ពីសាលាជម្រះក្តីដែលមានសមត្ថកិច្ច ឯករាជ្យ និងមិនលំអៀង ហើយដែលត្រូវបានបង្កើតឡើងដោយច្បាប់ប្រសិនបើបុគ្គលនោះប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយ ឬ ប្រសិនបើសិទ្ធិ និងកាតព្វកិច្ចរបស់បុគ្គលនោះ ត្រូវបានសម្រេចដោយបណ្តឹងតាមផ្លូវតុលាការ។ ក្នុងនីតិវិធីបែបនេះ សាធារណជន និងប្រព័ន្ធសារព័ត៌មានអាចមិនត្រូវបានអនុញ្ញាតឱ្យចូលស្តាប់សវនាការ។ ការធានាការពារជាទូទៅនូវសិទ្ធិស្មើភាពគ្នានៅចំពោះមុខតុលាការ និងសាលាជម្រះក្តី។ ការធានាការពារនេះ ពុំគ្រាន់តែអនុវត្តចំពោះតុលាការ និងសាលាជម្រះក្តីនានានោះទេ ប៉ុន្តែក៏ត្រូវយកមកអនុវត្តផងដែរ នៅពេលណាដែលច្បាប់ជាតិប្រគល់តួនាទីយុត្តាធិការឲ្យដល់ស្ថាប័នយុត្តាធិការណាមួយធ្វើការជំនុំជម្រះក្តី។ ក្នុងន័យទូទៅសិទ្ធិស្មើភាពគ្នានៅចំពោះមុខតុលាការ និងសាលាជម្រះក្តីធានាការពារជាបន្ថែមទៀតលើគោលការណ៍នានា ដែលមានសិទ្ធិទទួលបានដោយសមភាព និងសិទ្ធិស្មើគ្នានៃភាគីក្នុងរឿងក្តី ព្រមទាំងធានាថា ភាគីនានាក្នុងដំណើរការនីតិវិធីត្រូវបានប្រព្រឹត្តលើដោយគ្មានការរើសអើងណាមួយឡើយ។ សិទ្ធិទទួលបានសេវាកម្មយុត្តិធម៌ពីតុលាការនៅក្នុងរឿងក្តីនានា ដែលមានការសម្រេចសេចក្តីពីបទចោទប្រកាន់ព្រហ្មទណ្ឌព្រមទាំងសិទ្ធិ និងកាតព្វកិច្ចនានា នៅក្នុងបណ្តឹងតាមផ្លូវតុលាការ។ សិទ្ធិទទួលបានសេវាកម្មពីរដ្ឋបាលយុត្តិធម៌ត្រូវតែធានាការពារប្រកបដោយប្រសិទ្ធភាពនៅក្នុងរឿងក្តីបែបនេះ ទាំងអស់ដើម្បីធានាថាតាម ន័យនីតិវិធី ពុំមានបុគ្គលណាម្នាក់ត្រូវបាន ដកហូតសិទ្ធិក្នុងការទាមទាររកយុត្តិធម៌ឡើយ។ សិទ្ធិទទួលបាន សេវាកម្មយុត្តិធម៌ពីតុលាការ និងសាលាជម្រះក្តីព្រមទាំងសិទ្ធិស្មើ ភាពគ្នានៅចំពោះមុខស្ថាប័នទាំងនោះ មិនត្រូវកំរិតត្រឹមតែពលរដ្ឋ នៃរដ្ឋភាគីនោះទេ ប៉ុន្តែត្រូវតែផ្តល់ឲ្យបុគ្គលគ្រប់រូប ដោយមិនគិតពីសញ្ជាតិ ឬ និបេតិកជន ឬ ឋានៈអ្វីផ្សេងទៀតក៏ដោយរបស់ពួកគេនោះទេ ទោះបីជាជនស្វែងរកសិទ្ធិជ្រកកោន ជនភៀសខ្លួន ពលករ ទេសន្តរប្រវេសន៍ កុមារគ្មានអាណាព្យាបាល ឬ បុគ្គលផ្សេងទៀត ដែលចូលទៅក្នុងដែនដី ឬ ស្ថិតក្រោមយុត្តាធិការនៃរដ្ឋភាគីនោះ។
    ២. ការជំនុំជម្រះដោយយុត្តិធម៌ និងជាសាធារណៈ 
 សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌និងជាសាធារណៈ ដោយសាលាជម្រះក្តីមួយមានសមត្ថកិច្ច ឯករាជ្យ និងអនាគតិ ដែលបង្កើតឡើងដោយច្បាប់ត្រូវបានធានាការពារ នៅក្នុងរឿងក្តីនានាទាក់ទងនឹងការសម្រេចសេចក្តីពីការ ចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលណាមួយ ឬ ពីសិទ្ធិនិងកាតព្វកិច្ចរបស់ពួកគេនៅក្នុងបណ្តឹងតាមផ្លូវច្បាប់។ ជាគោលការណ៍ ការចោទប្រកាន់ពី បទព្រហ្មទណ្ឌទាក់ទងនឹងអំពើនានា ដែលត្រូវប្រកាស ផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាតិ។ ពាក្យនេះក៏អាចគ្របដណ្តប់ផងដែរលើអំពើនានា ដែលមានចរិតលក្ខណៈជាបទឧក្រិដ្ឋ ជាមួយនឹងការផ្តន្ទា ទោសដែលត្រូវចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ ដោយសារតែ គោលបំណង ចរិតលក្ខណៈ ឬភាពធ្ងន់ធ្ងរនៃអំពើទាំងនោះ ដោយពុំគិតពីលក្ខណៈតម្រូវនៃអំពើទាំងនោះនៅក្នុងច្បាប់ជាតិឡើយ។ 
    ៣. សច្ចធារណ៍នៃនិរទោស 
  ជនណាម្នាក់ដែលត្រូវ បានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ត្រូវមានសិទ្ធិទទួលបាន ការសន្មត់ជាមុនថាគ្មានទោសរហូតត្រូវបានបង្ហាញថាមានពិរុទ្ធភាពតាមច្បាប់។ សច្ចធារណ៍នៃនិរទោស ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការការពារសិទ្ធិមនុស្សដាក់បន្ទុកលើអយ្យការឲ្យផ្តល់ភស្តុតាងពីបទចោទរបស់ខ្លួន។ សច្ចធារណ៍នេះធានាការពារថាគ្មានពិរុទ្ធភាពណាមួយអាចត្រូវបានសន្មត់ទុកជាមុននោះទេ ដរាបណាបទចោទត្រូវបានផ្តល់ភស្តុតាង លើសពីនេះវិមតិសង្ស័យធានាថាជនជាប់ចោទទទួលបានប្រយោជន៍ពីវិមតិសង្ស័យ ហើយតំរូវថាជនណាដែលជាប់ ចោទពីបទល្មើសព្រហ្មទណ្ឌនោះ ត្រូវតែទទួលបានការប្រព្រឹត្តមកលើខ្លួនស្របតាមគោលការណ៍នេះ។ អាជ្ញាធរ សាធារណៈទាំងអស់ មានភារកិច្ចជៀសវាងពីការធ្វើបុរេវិនិច្ឆ័យលើលទ្ធផលនៃការជំនុំជម្រះ។ ឧ. ដោយមិនធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈដើម្បីបញ្ជាក់អះអាងពីពិរុទ្ធភាពរបស់ជនជាប់ចោទ។ជនជាប់ចោទជាធម្មតាពុំគួរត្រូវបានដាក់ខ្ចោះ ឬ ដាក់ក្នុងទ្រុងនៅកំឡុងពេលសវនាការឡើយ ឬ បើពុំដូច្នោះទេ ត្រូវតែបង្ហាញដល់ តុលាការ នៅក្នុងសភាពមួយដែលបញ្ជាក់ថាពួកគេអាចជាឧក្រិដ្ឋជនប្រកបដោយគ្រោះថ្នាក់។ប្រព័ន្ធផ្សព្វ ផ្សាយគួរជៀសវាងនូវការផ្សាយព័ត៌មានណា ដែលធ្វើឲ្យអន្តរាយដល់សច្ចធារណ៍នៃនិរទោសនេះ។ លើសពីនេះទៅទៀតរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ពុំគួរយកមកអនុវត្តធ្វើជាការចង្អុលបង្ហាញនៃពិរុទ្ធភាព និងកំរិតនៃទោសនោះទេ។ ការបដិសេធមិនឲ្យដាក់ប្រាក់ធានានៅក្រៅឃុំ ឬ ការស្វែករកការទទួលខុសត្រូវនៅក្នុងនីតិវិធីរដ្ឋប្បវេណី៥៩ ពុំប៉ះ ពាល់ដល់សច្ចធារណ៍នៃនិរទោសនោះទេ។ 
    ៤. សិទ្ធិទទួល បានការជូនដំណឹងភ្លាមៗ និងលំអិត
 ត្រូវបានធានាការពារដាច់ដោយឡែកសិទ្ធិត្រូវបានជូនដំណឹង "ភ្លាមៗ” អំពីបទ ចោទប្រកាន់តំរូវថាព័ត៌មានត្រូវបញ្ជូនទៅសាមីជននោះភ្លាមៗបន្ទាប់ពីជននោះត្រូវបានចោទប្រកាន់ជាផ្លូវការពីបទល្មើសព្រហ្មទណ្ឌមួយ ក្រោមច្បាប់ជាតិ ឬ នៅពេលបុគ្គលនោះ ត្រូវបានបង្ហាញឈ្មោះជាសាធារណៈពីបទចោទនោះ។ ត្រូវបានបំពេញដោយគូសបញ្ជាក់ពីបទចោទដោយផ្ទាល់មាត់ក្តីប្រសិនបើក្រោយមកត្រូវបានបញ្ជាក់ជាលាយលក្ខណ៍អក្សរ ឬក៏គូសបញ្ជាក់ពីបទចោទនោះជាលាយលក្ខណ៍អក្សរតែម្តងឲ្យតែព័ត៌មាននោះ ចង្អុលបង្ហាញទាំងអង្គច្បាប់ និងអង្គហេតុទូទៅដែល បទចោទប្រកាន់នោះបានសំអាងលើ។    ក្នុងករណីនៃសវនាការ   កំបាំងមុខតំរូវថា ទោះបីជាអវត្តមាន ជនជាប់ចោទក៏ដោយ ក៏គ្រប់ដំណាក់ការនៃនីតិវិធីត្រូវធ្វើឱ្យបានត្រឹមត្រូវ ដើម្បីជូនដំណឹងដល់ជនជាប់ចោទពីបទ ចោទប្រកាន់ និង ជូនដំណឹងពួកគេ អំពីដំណើរការនីតិវិធី។
   ៥. សិទ្ធិមានមេធាវីការពារក្តី 
 ជនជាប់ចោទត្រូវមានពេលវេលា និងមធ្យោបាយគ្រប់គ្រាន់ សម្រាប់រៀបចំការពារខ្លួន និងទាក់ទងជាមួយមេធាវីដែលជ្រើសរើសដោយខ្លួនគេ។ បទប្បញ្ញត្តិនេះ គឺជាធាតុផ្សំមួយដ៏សំខាន់នៃការធានាការពារសវនាការដោយយុត្តិធម៌ និងការអនុវត្តគោលការណ៍សមភាពនៃភាគីក្នុងរឿងក្តី។ នៅក្នុងករណីដែលជនជាប់ចោទក្រីក្រ ការទាក់ទងជាមួយមេធាវីអាចត្រូវបានធានាតែក្នុងករណីដែលត្រូវផ្តល់អ្នកបកប្រែដោយឥតគិតថ្លៃនៅកំឡុងពេលមុនសវនាការ និងពេលសវនាការប៉ុណ្ណោះ។ អ្វីដែលចាត់ទុកថាជា "ពេលវេលាគ្រប់គ្រាន់” អាស្រ័យលើកាលៈ ទេសៈនៃរឿងក្តីនីមួយៗ ។ ប្រសិនបើមេធាវីយល់ដោយសមហេតុផលថាពេលវេលាសម្រាប់រៀបចំការពារមិនគ្រប់គ្រាន់ វាគឺជាភារកិច្ចរបស់ពួកគេក្នុងការស្នើពន្យាសវនាការ។ មិនត្រូវចាប់ឱ្យទទួលខុសត្រូវ ចំពោះការប្រព្រឹត្តរបស់មេធាវីការពារនោះទេ លុះត្រាតែវាត្រូវបាន ឬ គួរតែត្រូវបានបង្ហាញដល់ចៅក្រមថាឥរិយាបទរបស់មេធាវីនោះ មិនស្របនឹងផលប្រយោជន៍យុត្តិធម៌។ តុលាការមានកាតព្វកិច្ចផ្តល់ការយល់ស្របតាមការស្នើសុំពន្យា សវនាការជាពិសេស នៅពេលដែលជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ហើយពេលវេលាបន្ថែមសម្រាប់រៀបចំការការពារក្តីតម្រូវជាចាំចាច់។ "មធ្យោបាយគ្រប់គ្រាន់” ត្រូវរួមបញ្ចូលសិទ្ធិទទួលបានសំណុំរឿង និងភស្តុតាងផ្សេងៗ។ សិទ្ធិទទួលបាននេះត្រូវរួមបញ្ចូលគ្រប់ឯកសារសំភារៈ ដែលអយ្យការមានផែនការដាក់ជូនតុលាការ ប្រឆាំងនឹងជនជាប់ចោទឬជា ភស្តុតាងដោះបន្ទុក។ ឯកសារសំភារៈ ដោះបន្ទុក គួរត្រូវបានយល់ថា មានរួមបញ្ចូល មិនគ្រាន់តែឯកសារ សំភារៈដែលបង្កើតពីភាពគ្មានទោសនោះទេ ប៉ុន្តែក៏ជាភស្តុតាងផ្សេងៗទៀតដែលអាចជួយដល់ជនជាប់ចោទ (ឧ.ការចង្អុលបញ្ជាក់ ពីចម្លើយសារភាពដែលមិនបានធ្វើដោយស្ម័គ្រចិត្ត)។ ក្នុងករណី ដែលមានការអះអាងថា ភស្តុតាងទទួលបាន ព័ត៌មានជុំវិញកាលៈទេសៈនានាដែល ភស្តុតាងបែបនេះទទួលបាន ត្រូវតែមាននៅក្នុងសំណុំរឿងដើម្បី ទុកលទ្ធភាពឱ្យមានការវាយតំលៃពីការអះអាងបែបនេះ។ ប្រសិនបើជនជាប់ចោទពុំនិយាយភាសាដែលប្រើប្រាស់នៅក្នុងដំណើរការនីតិវិធីប៉ុន្តែត្រូវបានការពារដោយមេធាវីដែលចេះភាសានោះ គឺវាគ្រប់គ្រាន់ហើយបើមេធាវីនោះបានទទួលឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿងនោះ។ សិទ្ធិប្រាស្រ័យទាក់ទងជាមួយមេធាវីតំរូវថាជនជាប់ចោទ ត្រូវបានផ្តល់ឱ្យនូវសិទ្ធិទទួលបានមេធាវីភ្លាមៗ។ មេធាវីគួរតែអាចជួបកូនក្តីរបស់ខ្លួនក្នុងលក្ខណៈជាឯកជនបាន និងប្រាស្រ័យទាក់ទង ជាមួយជនជាប់ចោទនោះ នៅក្នុងលក្ខខណ្ឌដែលគោរពបានទាំងស្រុងដល់ការសម្ងាត់នៃការប្រាស្រ័យទាក់ទងគ្នានេះ។ លើសពីនេះទៀត មេធាវីគួរតែអាចផ្តល់ប្រឹក្សា និងធ្វើជាតំណាងជនដែល ត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌមួយ ស្របតាមក្រមវិជ្ជាជីវៈដែល ត្រូវបានទទួលស្គាល់ជាទូទៅ ដោយគ្មានការរឹតត្បិត រងឥទ្ធិពល សម្ពាធ ឬ ការជ្រៀតជ្រែកដោយពុំត្រឹមត្រូវពីខាងណាមួយឡើយ។ នៅក្នុងក្រមនីតិវិធិព្រហ្មទណ្ឌ ជនជាប់ចោទមានសិទ្ធិជួបមេធាវីបន្ទាប់ពី២៤ ម៉ោងក្រោយការឃាត់ខ្លួន។ ទន្ទឹងនឹងនេះផងដែរ សិទ្ធិទទួលបានការការពារដោយមេធាវី ត្រូវបានតម្រូវជាលក្ខខណ្ឌដាច់ខាតចំពោះបទឧក្រិដ្ឋ និងករណីជនជាប់ចោទជាអនីតិជន។ មេធាវីអាចត្រូវបានជ្រើសរើសដោយជនជាប់ចោទ ហើយបើគរណីគ្មានការ ជ្រើសរើសទេមេធាវីត្រូវបានចាត់តាំងតាមគំនិតផ្តើមរបស់ប្រធានតុលាការ នៅក្នុងលក្ខខណ្ឌដែលមានចែងនៅ ក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។
   ៦. សិទ្ធិរបស់ជនជាប់ចោទត្រូវបានជំនុំជម្រះដោយគ្មានការពន្យាពេលមិនត្រឹមត្រូវ 
    ដូចមានចែងក្នុងមាត្រា១៤ កថាខ័ណ្ឌទី៣(គ) នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយឆ្នាំ១៩៦៦ មិនគ្រាន់តែត្រូវបានតាក់តែងឡើងដើម្បីបញ្ចៀសការរក្សាទុកជននានាយូរពេកនៅក្នុងស្ថានភាពមួយមិនប្រាកដប្រជា អំពីជោគ វាសនារបស់ពួកគេ ប្រសិនបើពួកគេត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន និងមិនគ្រាន់តែធានាថា ការដកហូតសេរីភាពបែបនេះមិនត្រូវមានរយៈ ពេលយូរជាងភាពចាំបាច់ នៅក្នុងកាលៈទេសៈនៃរឿងក្តីជាក់លាក់នោះទេ ប៉ុន្តែក៏បម្រើដល់ ផលប្រយោជន៍យុត្តិធម៌ផងដែរ។ អ្វីដែលសមហេតុផល ត្រូវតែធ្វើការវាយតំលៃក្នុងកាលៈទេសៈនៃរឿងក្តីនីមួយៗ ដោយពិចារណាជាចម្បងពីភាពស្មុគស្មាញនៃរឿងក្តី នោះការប្រព្រឹត្តរបស់ជនជាប់ចោទ និងរបៀបដែលរឿងក្តីនោះត្រូវបានចាត់ការដោយអាជ្ញាធររដ្ឋបាល និងតុលាការ។ នៅក្នុងករណីនានា ដែលជនជាប់ចោទត្រូវបានតុលាការបដិសេធមិនឲ្យនៅក្រៅឃុំដោយដាក់ប្រាក់ធានាពួក គេត្រូវតែទទួលបានការជំនុំ ជម្រះយ៉ាងឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ ការធានាការពារនេះ ពាក់ព័ន្ធនឹងមិនត្រឹមតែពេលវេលារវាងការចោទ ប្រកាន់ជនជាប់ចោទជាផ្លូវការ និងពេលវេលាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនោះទេប៉ុន្តែក៏ត្រូវពាក់ព័ន្ធនឹងពេលវេលារហូតដល់មានសាលដីកាស្ថាពរផងដែរ។ នៅគ្រប់ដំណាក់កាល ទោះជានៅសាលាដំបូង ឬ នៅសាលាឧទ្ធរណ៍ត្រូវតែប្រព្រឹត្តទៅដោយគ្មានការពន្យាពេលមិនត្រឹមត្រូវ” ឡើយ។ មាត្រា១៤ កថាខ័ណ្ឌទី៣(យ) មានការធានាការពារបីខុសៗ គ្នា ៖ 
   ទី១ ៖ បទប្បញ្ញត្តិនេះតំរូវថា ជនជាប់ចោទមានសិទ្ធិមានវត្តមាននៅក្នុងសវនាការជំនុំជម្រះក្តីខ្លួន។ នៅក្នុង កាលៈទេសៈមួយចំនួន ដំណើរការនីតិវិធីដោយកំបាំងមុខជនជាប់ចោទ អាចត្រូវបានអនុញាត ដើម្បីជាប្រយោជន៍ដល់រដ្ឋបាលត្រឹមត្រូវនៃយុត្តិធម៌។ ឧ. នៅពេលដែលជនជាប់ចោទ បោះបង់ការអនុវត្តសិទ្ធិមានវត្តមានរបស់ខ្លួន ទោះបីជាត្រូវបានជូនដំណឹងគ្រប់គ្រាន់ជាមុនពីដំណើរការនីតិវិធីក៏ដោយ។ ហេតុនេះហើយ សវនាការបែបនេះគឺស្របនឹងមាត្រា ១៤ កថាខ័ណ្ឌទី៣(យ) តែក្នុងករណីដែលវិធានការចាំបាច់នានាត្រូវ បានអនុវត្ត ដើម្បីកោះហៅជនជាប់ចោទតាមពេលវេលាមួយសមស្រប និងជូនដំណឹងដល់ពួកគេជាមុនអំពីកាលបរិច្ឆេទ និងទីកន្លែង នៃសវនាការជំនុំជម្រះក្តីពួកគេ និងស្នើសុំឲ្យពួកគេចូលខ្លួន ។ 
  ទី២ ៖ សិទ្ធិរបស់ជនជាប់ចោទគ្រប់រូប ដែលត្រូវជាប់ចោទពី បទព្រហ្មទណ្ឌដើម្បីការពារខ្លួនដោយខ្លួនឯង ឬ តាមរយៈជំនួយការច្បាប់តាមការជ្រើសរើសរបស់ខ្លួន និងត្រូវបានទទួលដំណឹងអំពីសិទ្ធិនេះ លើការការពារពីរប្រភេទដែលមិនអាចចែកដាច់ពីគ្នាទៅវិញទៅមកបាននោះទេ។ បុគ្គលដែលទទួលបានជំនួយពីមេធាវីមានសិទ្ធិប្រាប់ទៅមេធាវីរបស់ខ្លួន អំពីចំណាត់ការនៃរឿងក្តីរបស់ខ្លួនក្នុងកំរិតនៃការទទួលខុសត្រូវខាងវិជ្ជាជីវៈ និងផ្តល់សក្ខីកម្មជំនួសខ្លួន។ ទន្ទឹមនឹងនោះការការពារខ្លួនដោយខ្លួនឯង "ឬ" តាមរយៈជំនួយការច្បាប់តាមការជ្រើស រើសរបស់ខ្លួន។ ដូច្នោះបទប្បញ្ញត្តិនេះ ផ្តល់លទ្ធភាពឲ្យជនជាប់ចោទបដិសេធមិន ទទួលយកជំនួយការច្បាប់ណាមួយ។ ទោះបីយ៉ាងណាក៏ដោយ សិទ្ធិការពារខ្លួនដោយខ្លួនឯង ដោយគ្មានមេធាវី ពុំមានលក្ខណៈ ដាច់ខាតនោះទេ។ ក្នុងករណ៏នៃការជំនុំជម្រះជាក់លាក់មួយផលប្រយោជន៍យុត្តិធម៌ អាចតំរូវឲ្យមានការចាត់តាំងមេធាវីប្រឆាំងនឹង ឆន្ទៈរបស់ជនជាប់ចោទ ជាពិសេស ក្នុងករណីដែលជនជាប់ចោទ នោះ បង្កការរាំងស្ទះជាសារវ័ន្ត និងម្តងហើយម្តងទៀត ដល់ការប្រព្រឹត្តទៅដ៏ត្រឹមត្រូវនៃការជំនុំជម្រះ ឬ ប្រឈមនឹងការចោទប្រកាន់ពីបទ ឧក្រិដ្ឋ ប៉ុន្តែមិនអាចការពារផលប្រយោជន៍របស់ខ្លួន បាន ឬក្នុងករណីចាំបាច់ ដើម្បីការពារសាក្សីដែលងាយរងគ្រោះពីការរុកគួន ឬការបំភិតបំភើបន្ថែមទៀត ប្រសិនបើពួកគេត្រូវបាន សាកសួរដោយជនជាប់ចោទ។ ទោះជាដូច្នេះក៏ដោយ ការរឹតត្បិត ណាមួយលើឆន្ទៈរបស់ជនជាប់ចោទដើម្បីការពារខ្លួនដោយខ្លួនឯង ត្រូវតែមានគោលដៅ និងគោលបំណងគ្រប់គ្រាន់នួនល្មម និងមិនត្រូវទៅហួសពីអ្វីដែលជាភាពចាំបាច់ដើម្បីតំកល់ប្រយោជន៍យុត្តិធម៌នោះទេ។ ហេតុដូច្នេះហើយ ច្បាប់ជាតិគួរតែជៀសវាងនូវការហាមឃាត់ដាច់ខាតណាមួយ ប្រឆាំងនឹងសិទ្ធិការពារខ្លួនដោយខ្លួនឯងនៅក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌ ដោយពុំមានជំនួយ ពីមេធាវី ។ 
   ទី៣ ៖ មាត្រា១៤ កថាខ័ណ្ឌទី៣ (យ) ធានាការពារសិទ្ធិទទួល បានជំនួយផ្លូវច្បាប់ ដែលត្រូវផ្តល់ឲ្យជនជាប់ចោទនៅពេលណា ដែលប្រយោជន៍យុត្តិធម៌តំរូវយ៉ាងដូច្នេះ និងដោយពុំយកកំរៃពីពួក គេនៅក្នុងករណីបែបនេះ ប្រសិនបើពួកគេ ពុំមានលទ្ធភាពគ្រប់គ្រាន់បង់ថ្លៃទេនោះ។ ភាពធ្ងន់ធ្ងរនៃបទល្មើសមានសារសំខាន់ក្នុងការសម្រេចថាតើជំនួយការច្បាប់គួរត្រូវបានចាត់តាំង ឬ អត់ "ដើម្បីជាប្រយោជន៍យុត្តិធម៌-៧៧ ដោយសារថានោះគឺជាអត្ថិភាពនៃឱកាស ជាក់លាក់មួយចំនួននៃជ័យជំនះនៅដំណាក់កាលឧទ្ធរណ៍។ ក្នុងករណីនានាដែលពាក់ព័ន្ធនឹងទោសប្រហារជីវិតវាគឺជាការពិតដែលថាជនជាប់ចោទ ត្រូវតែទទួលបានជំនួយផ្នែកច្បាប់ យ៉ាងមានប្រសិទ្ធភាពពីមេធាវីនៅគ្រប់ដំណាក់កាលនៃដំណើរការនីតិវិធី។ ជំនួយការច្បាប់ដែលផ្តល់ឲ្យដោយអាជ្ញាធរមានសមត្ថកិច្ច ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិនេះ ត្រូវតែមានប្រសិទ្ធភាពក្នុងការតំណាង ឱ្យជនជាប់ចោទ។ មិនដូចក្នុងករណីនៃមេធាវីដែលជ្រើស រើសដោយខ្លួនឯងនោះទេ ការប្រព្រឹត្តខុស ឬ អសមត្ថភាពជាក់ស្តែង។  ឧ. ការដកបណ្តឹងឧទ្ធរណ៍ ដោយគ្មានពិគ្រោះយោបល់ក្នុង ករណីទោសប្រហារជីវិត ឬ អវត្តមាននៅកំឡុងពេលសវនាការ សួរដេញដោលសាក្សីក្នុងករណីបែបនេះអាចតម្រូវឱ្យមានការ ទទួលខុសត្រូវពីរដ្ឋសាមីចំពោះការបំពានលើមាត្រា១៤ កថាខ័ណ្ឌ ទី៣(យ) ឲ្យតែករណីនេះត្រូវបានបង្ហាញជូនចៅក្រមថា ការប្រព្រឹត្ត របស់មេធាវីនោះមិនស្របនឹងប្រយោជន៍យុត្តិធម៌។ ក៏ជាការបំពានលើបទប្បញ្ញត្តិនេះផងដែរ ប្រសិនបើតុលាការ ឬ អាជ្ញាធរពាក់ព័ន្ធផ្សេងទៀត រារាំងមេធាវីដែលត្រូវបានតែងតាំងមិនឲ្យបំពេញកិច្ចការរបស់ខ្លួនបានដោយប្រសិទ្ធភាព។ ធានាការពារសិទ្ធិរបស់ ជនជាប់ចោទក្នុងការសាកសួរ ឬឲ្យមានការសួរដេញដោលសាក្សីដាក់បន្ទុកព្រមទាំងទទួលបានការចូលរួម និងការសាកសួរសាក្សីដោះបន្ទុក ក្រោមលក្ខខណ្ឌដូចគ្នានឹងសាក្សីដាក់បន្ទុកដែរ។ ដូចជាការ អនុវត្តគោលការណ៍សមភាពនៃភាគីនៅក្នុងរឿងក្តី ការធានាការពារនេះមានសារៈសំខាន់ដល់ការធានាឱ្យមានការការពារដ៏មានប្រសិទ្ធភាពដោយជនជាប់ចោទ និងជំនួយការច្បាប់របស់ពួកគេ ហើយនេះគឺជាការធានាការពារជនជាប់ចោទឱ្យមានអំណាចតាមផ្លូវច្បាប់ ដូចគ្នានឹងអំណាចដែលអយ្យការមានដែរ ក្នុងការបង្គាប់ឲ្យមានការចូលខ្លួនរបស់សាក្សីសាកសួរ ឬ សួរដេញដោលសាក្សីណាមួយ។ ទោះជាដូច្នោះក៏ដោយក៏គោល ការណ៍នេះពុំផ្តល់សិទ្ធិ ឥតព្រំដែនក្នុងការទទួលបានការចូលរួមពីសាក្សីណាមួយ តាមការ ស្នើសុំរបស់ជនជាប់ចោទ ឬ ជំនួយការច្បាប់របស់គេនោះទេ ប៉ុន្តែ គ្រាន់តែជាសិទ្ធិមានសាក្សី ដែលត្រូវទទួលយកនៅក្នុងសំណុំរឿង ហើយដែលសមស្របសម្រាប់ការការពារក្តីខ្លួន ហើយត្រូវទទួលបានកាលានុវត្តភាពត្រឹមត្រូវដើម្បីតាំងសំនួរ និងសួរតតាំងសាក្សីដាក់បន្ទុកនៅដំណាក់កាលមួយចំនួននៃដំណើរការនីតិវិធី។ ស្ថិតក្នុងព្រំដែនកំណត់ទាំងនេះនិងស្ថិតក្រោមការដាក់កំរិតលើការប្រើប្រាស់កំណត់ហេតុយកចំលើយ។
    ៧. សិទ្ធិទទួលបានជំនួយពីអ្នកបកប្រែដោយឥតគិតថ្លៃ 
   ក្នុងករណី ដែលជនជាប់ចោទនោះពុំអាចយល់ ឬ និយាយភាសាដែលប្រើប្រាស់ នៅក្នុងតុលាការ សិទ្ធិនេះ ត្រូវផ្តល់ឲ្យនៅគ្រប់ដំណាក់កាល នៃដំណើរការនីតិវិធីផ្ទាល់មាត់។ គោលការណ៍នេះ អនុវត្តចំពោះជនបរទេសដូចគ្នានឹងប្រជាពលរដ្ឋ នៃរដ្ឋសាមីដែរ ។ ទោះជាដូច្នោះក៏ដោយ ជនជាប់ចោទដែលមាន ភាសាកំណើត ខុសពីភាសាផ្លូវការដែលប្រើប្រាស់ក្នុងតុលាការ ជាគោលការណ៍ ពុំត្រូវបានផ្តល់សិទ្ធិឲ្យទទួលបានអ្នកបកប្រែដោយឥតគិតថ្លៃនោះទេប្រសិនបើពួកគេចេះភាសា ផ្លូវការនោះគ្រប់គ្រាន់ ដើម្បីនឹងការពារខ្លួនឯងបានដោយប្រសិទ្ធភាពហើយនោះ។ ក្នុងករណីដែលជនជាប់ចោទមិនចេះភាសាខ្មែរ ឬជននោះជាជនគថ្លង់នោះតុលាការត្រូវតែរកអ្នកបកប្រែជូនជនជាប់ចោទ ដែលអាចឲ្យជនជាប់ ចោទយល់ភាសានឹងចូលរួមក្នុងដំណើរការនៃសវនាការបាន។
   ៨.សិទ្ធិមិនត្រូវបានបង្ខំឲ្យឆ្លើយប្រឆាំងនឹងខ្លួនឯងឬសារភាពថាមានពិរុទ្ធ
 ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឱ្យធ្វើឡើយ។ អ្នកដៃដល់អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់។ ការធានាការពារនេះ ត្រូវបានយល់ក្នុងន័យនៃការមិនដាក់សម្ពាធដោយផ្ទាល់ ឬ ដោយប្រយោលលើផ្លូវកាយ ឬ ផ្លូវចិត្តដោយមិនត្រឹមត្រូវពីអាជ្ញាធរស៊ើបអង្កេត លើជនជាប់ចោទដើម្បីទទួលបានចម្លើយសារភាពពីពិរុទ្ធភាពនោះឡើយ ជាមួយនឹងហេតុផលរឹងមាំការប្រព្រឹត្តលើជនជាប់ចោទក្នុងលក្ខណៈផ្ទុយនឹងមាត្រា៧ នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយ ឆ្នាំ១៩៦៦ដើម្បីទាញយកចម្លើយសារភាពមិនអាចទទួលយកបាននោះទេ។ ច្បាប់ជាតិត្រូវតែធានាថា កំណត់ហេតុ យកចំលើយឬចម្លើយសារភាពដែលទទួលបានដោយបំពាននឹងមាត្រា៧ នៃកតិកាសញ្ញានេះ ត្រូវបានផាត់ចេញពីភស្តុតាង លើកលែងតែក្នុងករណីដែលឯកសារបែបនោះ ត្រូវបានប្រើប្រាស់ជាភស្តុតាងថា អំពើទារុណកម្ម ឬ ការប្រព្រឹត្តមិនគប្បីផ្សេងទៀត ដែលត្រូវបានហាមឃាត់ ដោយបទប្បញ្ញត្តិនេះ បានកើតមាន៨៩ ហើយថានៅក្នុងករណីបែបនេះ រដ្ឋត្រូវមានបន្ទុកផ្តល់ភស្តុតាងថា កំណត់ហេតុយកចំលើយពីជនជាប់ ចោទ ត្រូវបានធ្វើទៅតាមឆន្ទៈដោយសេរីរបស់ជនជាប់ចោទផ្ទាល់។

ឯកសារពិគ្រោះ
១. រដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣
២. សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ១៩៤៨ 
៣. កតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នំា ១៩៦៦
 ៤. ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ 
៥.អង្គការសហប្រជាជាតិសេចក្តីពន្យល់លេខ៣២កតិកាសញ្ញាអន្តរជាតិស្តីពិសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ឆ្នាំ២០០៧។

No comments:

Post a Comment