ការចូលជាធរមាន និងការអនុវត្តក្រមព្រហ្មទណ្ឌ
យើងនឹងធ្វើការបកស្រាយជាពីរករណី គឺ ទី ១ បង្ហាញអំពីការចូលជាធរមាន និងទី២ បង្ហាញអំពីការ អនុវត្តក្រមព្រហ្មទណ្ឌ។
១. ការចូលជាធរមាននៃក្រមព្រហ្មទណ្ឌ
នៅពេលដែលយើងធ្វើការបកស្រាយអំពីការចូលធរមានអំពីក្រមព្រហ្មទណ្ឌ គឺមិនខុសពីការចូលជាធរមានរបស់ច្បាប់ដទៃទៀតនោះឡើយ ពោលគឺយើងពិនិត្យទៅលើមាត្រា ៩៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា “ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេល ១០ ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឲ្យប្រើ និងទូទាំងប្រទេសក្នុងរយៈពេល២០ថ្ងៃគត់ក្រោយថ្ងៃប្រកាសឲ្យប្រើ។ ប៉ុន្តែបើច្បាប់នេះចែងជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមាននៅទូទាំងប្រទេសក្រោយថ្ងៃប្រកាសឲ្យ ប្រើ។...” ពាក្យចូលជាធរមានមានន័យថាគឺការចាប់ផ្តើមអនុភាពនៃច្បាប់ដែលអាចយកទៅអនុវត្ត លើកលែងតែមានការកំណត់ផ្សេងទាក់ទងនឹងការអនុវត្ត។ ក្រមព្រហ្មទណ្ឌ ត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ដូចនេះបើយោងតាមមាត្រា ៩៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌត្រូវចូលធរមាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ នៅរាជធានីភ្នំពេញ និងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩ នៅទូទាំងប្រទេស។
ខ. ការអនុវត្តច្បាប់ព្រហ្មទណ្ឌ
ការអនុវត្តច្បាប់ព្រហ្មទណ្ឌ នៅត្រង់ចំណុចនេះគឺយើងចង់បង្ហាញអំពីកាលបរិច្ឆេទនៃការអនុវត្ត មិនមែនបកស្រាយអំពីគោលការណ៍នៃការអនុវត្តច្បាប់ព្រហ្មទណ្ឌនោះឡើយ។ ជាគោលការណ៍ច្បាប់មួយនឹងអាចអនុវត្តបាននៅពេលដែលច្បាប់នោះចូលជាធរមាន ប៉ុន្តែមិនមែនដូចគ្នាទាំងអស់នោះទេ មានន័យ ថាច្បាប់ខ្លះបានចូលជាធរមាន ប៉ុន្តែមិនអាចអនុវត្តបានភ្លាមក្រោយពីការចូលជាធរមាននោះឡើយ គឺអាស្រ័យទៅលើការកំណត់របស់ច្បាប់នោះតែម្តង។ មូលហេតុបានជាមិនអាចយកអនុវត្តបានភ្លាម គឺអាចទុកពេលសម្រាប់ផ្សព្វផ្សាយ បណ្តុះបណ្តាល ឬ ស្ថានភាពសង្គមជាដើម។ ច្បាប់មួយដែលចូលជាធរមាន ហើយមិនទាន់អាចអនុវត្តស្តែងឡើងក្រោមរូបភាពពីរគឺ
ទី ១ ច្បាប់នោះកំណត់ខ្លួនឯងថា ត្រូវរងចាំរយៈពេលណាមួយ ឧ. មាត្រា៨៤ នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី ចែងថា “ក្រោយការចូលជាធរមាននៅទូទាំងប្រទេស ច្បាប់នេះត្រូវផ្សព្វផ្សាយ រយៈពេល ០៦ ខែសិនទើបត្រូវអនុវត្ត”។
ទី២ ច្បាប់នោះក៏កំណត់ខ្លួនឯងថាត្រូវរងច្បាប់ផ្សេងទៀត ឧ. ក្រមរដ្ឋប្បវេណី មាត្រា ១៣០៥ ចំនុចទី១ បានចែងថា “ក្រមនេះ ត្រូវអនុវត្តចាប់តាំងពីថ្ងៃដែលកំណត់ដោយច្បាប់ផ្សេង”។
ដោយឡែកចំពោះការអនុវត្តក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ វិញគឺបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងមាត្រា ៦៧២ ដែលចែងដា “លើកលែងគន្ថីទី១ នៃក្រមនេះ ដែលត្រូវយកទៅអនុវត្តភ្លាមក្រោយការចូលជាធរមាននៃក្រមនេះ បទបញ្ញត្តិដទៃទៀតត្រូវយកទៅអនុវត្តក្នុងរយៈពេល ១ ឆ្នាំក្រោយការចូលជាធរមាននៃក្រមនេះ”។ អនុលោមតាមមាត្រានេះ យើងអាចបែងចែកពីដំណាក់កាលនៃការអនុវត្តក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ បានដូចខាងក្រោម ៖
- បទបញ្ញត្តិទូទៅនៃគន្លីទី១ (បទបញ្ញត្តិទូទៅ) ៖ រាជធានីភ្នំពេញ ៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ និងទូទាំងប្រទេស ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩។
- បទបញ្ញត្តិដទៃទៀត ៖ រាជធានីភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១០ និងទូទាំងប្រទេសថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០
ជារួមមកក្រមព្រហ្មទណ្ឌអាចអនុវត្តបានទាំងស្រុងនៅថ្ងៃទី២១ខែធ្នូ ឆ្នាំ ២០១០។
ប៉ុន្តែនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១០ ច្បាប់ស្តីពីប្រឆាំងអំពើពុករលួយត្រូវបានប្រកាសឲ្យប្រើជាការប្រញាប់ ហើយនៅក្នុងមាត្រា ៥៧ កថាខណ្ឌទី២ នៃច្បាប់នេះ បានចែងថា “ បទបញ្ញត្តិដែលមានចែងនៅក្នុងជំពូកទី៦ (បទល្មើស និងទោស) នៃច្បាប់នេះមានអនុភាពអនុវត្តក្នុងរយៈពេល ១២ ខែ ក្រោយពេលដែលក្រមព្រហ្មទណ្ឌត្រូវបានអនុវត្តបានទាំងស្រុង។ ដូចនេះចំពោះបទល្មើសដែលទាក់ទងនឹងបទល្មើសពុកលួយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ គឺមិនទាន់អាចអនុវត្តបាននោះទេ ដោយត្រូវរងចាំរយៈពេល ១២ ខែ ក្រោយក្រមព្រហ្មទណ្ឌអនុវត្តបានទាំងស្រុងសិនទើបអនុវត្តបាន។ តាមការបកស្រាយខាងលើក្រម ព្រហ្មទណ្ឌអាចអនុវត្តបានទាំងស្រុងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០ ប៉ុន្តែដោយសារមាត្រា ៥៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្រមព្រមហ្មទណ្ឌគឺមិនទាន់អាចអនុវត្តបានទាំងស្រុងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០ ដដែលព្រោះថាបទល្មើសទាក់ទងនឹងពុករលួយត្រូវរងចាំ ១២ ខែទៀតសិន។ ដូចនេះបើរាប់ចាប់ពីកាលបរិច្ឆេទនៃការអនុវត្តក្រមព្រហ្មទណ្ឌនាថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១០ និងបូកថែម ១២ ខែទៀតនោះដោយយោងតាមមាត្រា ៥៧ នៃច្បាប់ខាងលើ ក្រមព្រហ្មទណ្ឌអាចអនុវត្តបានទាំងស្រុងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១។
ប៉ុន្តែនៅថ្ងៃទី១ ខែ សីហា ឆ្នាំ២០១១ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានលុបចោល មាត្រា ៥៧ នៃច្បាប់ប្រឆាំងអំពើពូកលួយព្រមទាំងចែងថាច្បាប់នេះត្រូវប្រកាសជាប្រញាប់។ មានន័យថា ការរងចាំរយៈពេល ១២ ក្រោយក្រមព្រហ្មទណ្ឌអនុវត្តបានទាំងស្រុង ដែលមានចែងនៅក្នុងមាត្រា ៥៧ គឺលែងមានសុពលភាពទៀតហើយ ដូចនេះបទបញ្ញត្តិទាក់ទងនឹងបទល្មើសពុករលួយដែលមាន ចែងនៅក្នុងព្រហ្មទណ្ឌគឺត្រូវអនុវត្ត ដោយពុំចាំបាច់រងចាំរយៈពេល ១២ ខែទៀតនោះឡើយ ប៉ុន្តែក៏ត្រូវរងចាំច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយចូលជាធរមានផងដែរ។ បើយោងតាមមាត្រា ២ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានចែងថា “ច្បាប់នេះត្រូវប្រកាសជាការប្រញាប់” ដោយច្បាប់នេះប្រកាសឲ្យប្រើនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១១ នោះបើយោងតាមមាត្រា ៩៣ ថ្មី កថាខណ្ឌទី១ វាក្យខណ្ឌទី២ ចែងថា “ប៉ុន្តែបើច្បាប់នេះចែងជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមាននៅទូទាំងប្រទេសក្រោយថ្ងៃប្រកាសឲ្យប្រើ។” ដូចនេះច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចូលជាធរមាននៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១១ ជាហេតុនាំឲ្យក្រមព្រហ្មទណ្ឌ ក៏ត្រូវមានអនុវត្តបានទាំងស្រុងនៅកាលបរិច្ឆេទនេះផងដែរ។
ជារួមមក ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមានអានុភាពអនុវត្តបានទាំង ស្រុងនៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១០។
No comments:
Post a Comment